គ.ជ.ប ចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតថ្មីចាប់ពីថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតថ្មីចាប់ពីថ្ងៃស្អែកនេះ ដើម្បីឲ្យបញ្ជីបោះឆ្នោតសម្រាប់អាណត្តិក្រោយមានភាពពេញលេញ ត្រឹមត្រូវ និងប្រកបដោយភាព បន្ទាប់ពីប៉ាន់ស្មាន់ថា មានអ្នកត្រូវចុះឈ្មោះថ្មីប្រមាណជាង៣៧ម៉ឺននាក់។


ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ និងនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ និងបញ្ជូនទិន្នន័យ មក គ.ជ.ប នៅថ្ងៃទី៣០ ខែមេសានេះ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ មានរយៈពេល២២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ទៅលើប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ឯកឧត្តម បានបន្តថា ក្នុងដំណាក់កាលនេះ គ.ជ.ប ក៏ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។ ជាមួយគ្នានេះ ក៏ធ្វើការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ។ ឯកឧត្តម មានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញ ភាពត្រឹមត្រូវ។
ឯកឧត្តម បានឲ្យដឹងទៀតថា ការចុះឈ្មោះបោះឆ្នោតនេះ ត្រូវអនុវត្តនៅការិយាល័យចុះឈ្មោះតាមសាលាឃុំ សង្កាត់ លើកលែងតែចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែឧសភា គឺការិយាល័យចុះឈ្មោះបោះឆ្នោត អាចចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដោយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវសហការជាមួយមេភូមិពាក់ព័ន្ធដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ ទទួលបានការចុះឈ្មោះគ្រប់គ្នា។
សូមបញ្ជាក់ថា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវបង្ហាញខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ក្នុងករណីមិនមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលនៅមានសុពលភាព អ្នកសុំចុះឈ្មោះ ត្រូវសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតពីមេឃុំ ចៅសង្កាត់ដែលខ្លួនកំពុងរស់នៅ៕