ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាការចូលជាសមាជិកអាស៊ាន វិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា​ រូបថត​ AKP៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងវិស័យសេដ្ឋកិច្ច កម្ពុជាទទួលបាននូវផលប្រយោជន៍យ៉ាងធំធេងពីការចូលជាសមាជិកនៃក្រុមគ្រួសារអាស៊ាន គឺជាទីផ្សារនាំចេញធំជាងគេទីបីរបស់កម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប២០ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានដ៏ទៃទៀត បានកើតឡើងពី៤ភាគរយនៅឆ្នាំ ១៩៩៩ ទៅដល់ជាង២០ភាគរយនៅឆ្នាំ ២០១៨ អាស៊ានក៏ជាវិនិយោគគិនមួយក្នុងចំណោមវិនិយោគគិនធំជាងគេនៅកម្ពុជា។
នៅឆ្នាំ២០១៦កន្លងទៅ វិនិយោគទុនពីអាស៊ានមានប្រមាណជាង១៧ភាគរយនៃវិនិយោគទុនដោយផ្ទាល់ពីបរទេសនៅកម្ពុជា ពាក់ព័ន្ធនឹងភ្ញៀវទេសចរណ៍បរទេសនៅកម្ពុជា អាស៊ានស្ថិតក្នុងលំដាប់ខ្ពស់ទីបី។
ប្រភពដដែលបញ្ជាក់ថា អាស៊ានមិនបានបង្កការគំរាមគំហែងដល់ប្រទេសណាមួយ ហើយថែមទាំងមិនបានបង្គំភាគីដទៃឲ្យទទួលយកទស្សនទានរបស់ខ្លួនឡើយ។ មជ្ឈភាពអាស៊ានស្ថិតនៅជាគោលការណ៍ស្នូលរបស់អាស៊ានក្នុងការចូលរួមជាមួយដៃគូខាងក្រៅ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងវាយតម្លៃខ្ពស់ដោយដៃគូសន្ទនារបស់ខ្លួន។
ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ានកម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេងពីយន្តការសមាហរណកម្មតំបន់មួយនេះ ក៏ដូចជាទីផ្សារដ៏ធំ លំហូរវិនិយោគទុនផ្ទាល់ពីបរទេស និងសកម្មភាពទេសចរណ៍ ការផ្ទេរនូវជំនាញនិងចំណេះធ្វើ ៕