ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថាអាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូបថត​AKP ៖

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អាស៊ាន បានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ជាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបលើកទី២០ឆ្នាំនៃការចូលជាសមាជិកអាស៊ាន បានអោយដឹងថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសមាគមន៏អាស៊ានមួយ ដែលផ្ដោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។
សម្តេចតេជោ បញ្ជាក់ថា ចាប់តាំងពីការកកើត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧មក អាស៊ានមាននិទានកថាប្រកបដោយសុទិដ្ឋិនិយមជាច្រើនដែលផ្ដល់នូវក្តីសង្ឃឹមដល់ប្រជាជនប្រមាណ ៦៥០លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងច្រើនរយលាននាក់ផ្សេងទៀត នៅក្រៅតំបន់អាស៊ីអាគ្នេយ៍នេះ។ មនុស្សមួយចំនួនថែមទាំងបានចាត់ទុកអាស៊ានថាជាអព្ភូតហេតុនៃទិសបូព៌ា។ ប្រការដែលមិនអាចប្រកែកបាន គឺអង្គការតំបន់មួយនេះបានលើកតម្កើងសន្តិភាព និងវិបុលភាព នៅក្នុងតំបន់មួយដែលធ្លាប់តែមានវិបត្តិ ហើយអង្គការតំបន់ផ្សេងៗទៀត បានគិតថាអាស៊ានជាស្ថាប័នតំបន់មួយ ដែលជោគជ័យ និងសំខាន់ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក។
សម្តេចតេជោ បញ្ជាក់ទៀតថា អាស៊ាន ជានិមិត្តរូបនៃភាពចម្រុះ និងសន្តិសហវិជ្ជមាន ព្រោះថាប្រទេសសមាជិកទាំងដប់ ដែលមានអរិយធម៌ វប្បធម៌ និងជំនឿខុសគ្នា មានស្មារតីរួមគ្នាឆ្ពោះទៅរកអត្តសញ្ញាណតែមួយ សមាគមតែមួយ និងជោគវាសនាតែមួយ។ ជាក់ស្ដែងភាពចម្រុះនេះ ត្រូវបានគេមើលឃើញថាជាចំណុចខ្លាំងជាមូលដ្ឋានរបស់អង្គការអន្តររដ្ឋាភិបាលមួយនេះ៕