អាស៊ានបានផ្ដល់ជាខែលសន្តិសុខនិងជាទីទុកចិត្តមួយដល់ប្រទេសម្ពុជានិងប្រទេសសមាជិកទាំងអស់

វិទ្យុជាតិកម្ពុជា៖ ទុយ សូលីដា៖

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា អាស៊ានបានផ្ដល់ខែលសន្តិសុខជាទីទុកចិត្តមួយ ដល់ប្រទេសជាសមាជិក ក្នុងការ ការពារឯករាជ្យភាពនិងអធិបតេយ្យរបស់ខ្លួន ។
យោងតាមសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបលើកទី២០ឆ្នាំនៃការចូលជាសមាជិកអាស៊ាន របស់កម្ពុជាបានអោយដឹងថា អាស៊ានបានផ្ដល់ខែលសន្តិសុខជាទីទុកចិត្តមួយ ដល់ប្រទេសសមាជិក ក្នុងការការពារឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ខ្លួន ។ ការគោរពគ្នាទៅវិញទៅមក កិច្ចពិគ្រោះយោបល់គ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និង អត្ថប្រយោជន៍រួម បានក្លាយជាបទដ្ឋាននិង ចំណុចខ្លាំងនៃអភិក្រមអាស៊ាន ក្នុងការធ្វើឲ្យយន្តការសម្រាប់កិច្ចសន្ទនា និងការកសាងទំនុកចិត្ត ដោយចីរភាព ។ សារលិខិតបន្តថា ភាពជោគជ័យរបស់អាស៊ានស្ថិតនៅលើលក្ខណៈបើកចំហ បរិយាបន្ន និងសម្លឹងទៅក្រៅ ទោះបីជាគោលការណ៍នៃការធ្វើសេចក្ដីសម្រេចចិត្ត ផ្អែកលើកុងសង់ស៊ុស​ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នា និងគោរពអធិបតីភាពគ្នា ជាមូលដ្ឋានគ្រឹះនៃឯកភាពរបស់អាស៊ាន ។ សារលិខិតបញ្ជាក់ថា ការតស៊ូ និងការប្រឆាំងពីការជ្រៀតជ្រែកពីបរទេស បានក្លាយនឹងបន្តក្លាយ ជាគោលការណ៍ស្នូលរបស់អាស៊ាន ដរាបណាដែលគោលការណ៍នេះ ជាមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក និង អត្ថប្រយោជន៍រួមរបស់អាស៊ានជាមួយដៃគូសន្ទនា ស្ថិតនៅតែជាគោលការណ៍គន្លឹះ របស់អាស៊ានក្នុងការធ្វើការជាមួយដៃគូខាងក្រៅ ។ ប្រទេសកម្ពុជាចូលរួមយ៉ាងពេញទំហឹងក្នុងគោលការណ៍គ្រឹះរបស់អាស៊ាននេះ ។
សូមបញ្ជាក់ថា នេះជាខួបលើកទី២០ឆ្នាំហើយ ដែលកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បើគិតមកដល់ ឆ្នាំ២០១៩នេះ ។