អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យពលរដ្ឋ ចូលរួមរក្សាអនាម័យ និងបរិស្ថាននៅតំបន់ឆ្នេរ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមរក្សាអនាម័យ និងបរិស្ថាននៅតំបន់ឆ្នេរ ដើម្បីធានាឲ្យឆ្នេរសមុទ្រកម្ពុជានៅតែរក្សាបានភាពស្អាតដើម្បីទទួលភ្ញៀវទេសចរ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍ការងារបន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ការ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅតំបន់ឆ្នេរនេះដោយសារនាពេលកន្លងទៅបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបបរកស៊ីលក់ដូរដោយខ្វះអនាម័យចោលសំរាមគ្មានសណ្តាប់ធ្នាប់នាំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់បងប្អូន និងនាំឲ្យខួចសណ្ដាប់ធ្នាប់នៅតំបន់ឆ្នេរជាដើម។
ឯកឧត្តមអភិបាលបានអះអាងថា អាជ្ញាធរខេត្តនឹងបង្កើនការថែរក្សាអនាម័យបរិស្ថាន ឲ្យមានសោភ័ណភាពល្អ ពិសេសទប់ស្កាត់ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់និងគំនរសំរាមរាយប៉ាយជាដើមដើម្បីកុំអោយជះក្លិនស្អុយ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវសាធារណៈ ។
ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ ត្រូវចុះអប់រំដល់ប្រជាពលរដ្ឋកុំឲ្យបោះចោលសំរាមតាម ឆ្នេរ អូរ ឬប្រឡាយបង្ហូរទឹកស្អុយ និងតាមផ្លូវ ដែលនាំឲ្យបាត់សោភ័ណភាពរបស់ខេត្ត និងនាំគ្នាចូលរួមលើការងារថែរក្សាអនាម័យបរិស្ថានបានល្អផងដែរ ៕