អនុរដ្ឋមន្ត្រីការពារជាតិនឹងធ្វើទស្សនកិច្ចនៅ អារ៉ាប៊ីសាអ៊ូឌីត និងតួកគីនៅសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — លោក Suh Choo-suk អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងគ្រោងនឹងធ្វើ​ទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីវិធីក្នុង​ការ​ជំរុញ​ទំនាក់ទំនងយោធាទ្វេភាគីមុននឹង​ធ្វើដំណើរទៅកាន់ប្រទេសតួកគី​ ដើម្បីចូលរួមពិព័រណ៍​ឧស្សាហកម្ម​ការពារជាតិអន្តរជាតិ។

យោងតាមក្រសួងការពារជាតិឱ្យដឹងថា លោកនឹងចាកចេញទៅប្រទេសអារ៉ាប៊ី​សាអ៊ូ​ឌីត​ នៅ​ថ្ងៃនេះក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលដែលលោកនឹងចូលរួមកិច្ច​ប្រជុំ​ជាលើកដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការការពារជាតិ ដែលប្រទេសទាំងពីរ​បាន​បង្កើតឡើង។

គណៈកម្មាធិការទីក្រុងសេអ៊ូល-រីយ៉ាដ ត្រូវបានបង្កើតឡើងកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីប្រទេស  អារ៉ាប៊ីសាអ៊ូឌីតបានស្នើបង្កើតអង្គភាពពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីមួយរូប ដើម្បីជំរុញចំណងទាក់ទងការពារជាតិ និងយោធារវាងភាគីទាំងពីរ។

បន្ទាប់មកលោក Suh នឹងហោះទៅប្រទេសទួកគីនៅពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុង​ពិព័រណ៍ឧស្សាហកម្មការពារជាតិលើកទី១៤​ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាការពារជាតិរបស់​កូរ៉េខាងត្បូងនៅលើឆាកអន្តរជាតិ និងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ​អ្នកដើរតួនាទី​សំខាន់ៗនៅក្នុងវិស័យនេះ។

យោងតាមការរៀបចំរបស់ខ្លួនបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងនាំ​មកនូវក្រុមហ៊ុនចំនួន ៨៥០ ពី ៥៥ប្រទេស ព្រមទាំងមន្ត្រីការពារជាតិជាន់ខ្ពស់ចំនួន១៤០នាក់ មកពី ៧០ប្រទេសជុំវិញពិភពលោក​ផងដែរ។​​

ក្រសួងបាននិយាយថា លោកអនុរដ្ឋមន្ត្រីក៏គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់តួកគី​ដើម្បីធ្វើការ​ចរចា​ស្តីពីទំនាក់ទំនងទ្វេភាគីផងដែរ។ លោក Suh គ្រោងនឹងត្រលប់មកមាតុ​ប្រទេស​វិញនៅ​ថ្ងៃ​សៅរ៍៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )