សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វេទិកាផ្លូវ១ ខ្សែក្រវាត់១លើកទី២ នាំមកនូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា វេទិកាផ្លូវ១ ខ្សែក្រវាត់១លើកទី២ ក្រោមប្រធានបទ «កសាងអនាគត កា​ន់តែថ្កុំថ្កើង​សម្រាប់​ទាំងអស់គ្នា» កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំ​ង នៃ​សា​​​ធា​​រណរដ្ឋ​ប្រជាមានិតចិន នាំមកនូវ​ផលប្រយោជន៍​សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិ​យើង។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សម្ដេច​តេជោ ហ៊ុន សែន បានសរសេរថា “ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខ​សប្បាយធម្មតា។ ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគីជាមួយ​បណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹង​មិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យវិនិយោគ និង​ពាណិជ្ជកម្ម។” សម្ដេចតេជោបានលើកឡើងទៀតថា វេទិកាផ្លូវ១ខ្សែក្រវាត់១ លើកទី២ ដែល​បានប្រារព្ធកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើន​ឡើង​ដល់​ប្រទេសជាតិយើង។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅថ្ងៃឈប់​សម្រាកថ្ងៃនេះ​ទាំងអស់គ្នា៕

ដោយ ជឹម ណារី