កម្ពុជាបង្ហាញពីការធានាចីរភាពបរិស្ថាន និងការឆ្លើយតប ការប្រែប្រួលអាកាសធាតុសំដៅធានាបាននូវតុល្យភាពសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធ៌ម

វិទ្យុជាតិកម្ពុជា៖ដោយ លោក មឹង កុសល៖


ក្នុងវេទិកាវិថីសូត្របៃតង ក្រោមទស្សនៈខ្សែក្រវ៉ាត់មួយ វិថីមួយ បរិស្ថានរួម នៅទីក្រុងប៉េកាំង ចាប់ថ្ងៃទី២៥ដល់ថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន បញ្ជាក់ថាវេទិកាវិថីសូត្របៃតងក្នុងគោលគំនិតប្រកបដោយការទទួលខុសត្រូវលើសកម្មភាព និងគោលនយោបាយ ចំពោះបរិស្ថាននិងសង្គម ដើម្បីរួមចំណែកទប់ស្កាត់ការធ្លាក់ចុះនូវគុណភាពដី និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាចីរភាពបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅធានាបាននូវតុល្យភាពសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធ៌ម ពិសេសគោលនយោបាយអភិវឌ្ឍន៍បៃតង ដែលកម្ពុជាបាននិងកំពុងអនុវត្ត។
ឯកឧត្តមបន្តថា តាមរយៈគោលនយោបាយនេះ កម្ពុជាបានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ ដែលរហូតមកដល់បច្ចុប្បន្ននេះ ស្ថានីយអគ្គិសនីដំណើការដោយថាមពលពន្លឺព្រះអាទិត្យ ទាំងអស់ដែលភ្ជាប់បណ្តាញហើយ កំពុងប្រតិបត្តិការសាងសង់ ឬបានអនុម័តរួចហើយ មានលទ្ធភាពផ្គត់ផ្គង់ថាមពលប្រមាណ១២% នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុង បណ្តាប្រទេសអាស៊ាន។ តាមការផ្គត់ផ្គង់ថាមពលព្រះអាទិត្យខាងលើនេះ យើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រមាណ២២០.០០០តោន ក្នុងមួយឆ្នាំ ឬ៤,៤លានតោន ក្នុងរយៈពេលផ្គត់ផ្គង់២០ឆ្នាំទៅមុខ៕