កិច្ចផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ ធ្វើជាមូលដ្ឋាននៃដំណើរការឆ្ពោះទៅមុខចំពេលដែលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ទំនាក់ទំនងអន្តរកូរ៉េបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីកិច្ចប្រជុំកំពូល​ជាលើក​ដំបូង​ជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ិន និង​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន កាលពីមួយឆ្នាំកន្លងទៅ ដោយមានការផ្លាស់ប្តូរ​ការឆ្លងដែន ​បន្ទាប់ពីរយៈពេលមួយ នៃទំនាក់ទំនងជាប់គាំង និងស្ទើរតែគ្មានទំនាក់ទំនង។

ក្រុមអ្នកជំនាញបាននិយាយថា កូរ៉េទាំងពីរហាក់ដូចជាកំពុងប្រឈមនឹងផ្លូវរអាក់រអួល​ខណៈដែលគម្រោងឆ្លងកាត់ព្រំដែនរួមគ្នាជាច្រើន នៅតែត្រូវបានផ្អាក ហើយទំនងជាជាប់​ពាក់ព័ន្ធ​នឹងភាពជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។

ជំនួបកំពូលដំបូងដែលបានធ្វើឡើងនៅភូមិ Panmunjom កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ ២០១៨ បានបង្កើតនូវសេចក្តីប្រកាស Panmunjom ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការ​ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ ការកែលម្អទំនាក់ទំនង​អន្តរកូរ៉េ និងការកាត់បន្ថយយោធា ហើយនិងភាពតានតឹង និងការពង្រីកការផ្លាស់ប្តូរឆ្លងកាត់​ព្រំដែន និងកិច្ចសហប្រតិបត្តិការ។

លោក ហុង មីន (Hong Min) ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានជាតិ​បង្រួបបង្រួម​កូរ៉េបាន​និយាយថា រហូតមកដល់ចុងឆ្នាំ ២០១៧​ភាពតានតឹងបានកើនឡើងខ្ពស់​ណាស់ នៅពេលដែលកូរ៉េខាងជើង បន្តការបង្កហេតុខាងមីស៊ីល និង នុយក្លេអ៊ែររបស់ខ្លួន​ដោយមានអ្នកខ្លះនិយាយដល់ជម្រើសយោធា ពេលនេះភាពតានតឹងបានបាត់បង់​ទៅ​ហើយ។

លោកបានបន្ថែមថា បច្ចុប្បន្នយើងកំពុងនិយាយអំពីរបៀបដើម្បីសម្រេចបាននូវ​សន្តិភាពយូរអង្វែង និងការលុបបំបាត់អាវុធនុយក្លេអ៊ែរឱ្យបានពេញលេញ​ដោយគ្មានការព្រួយ​បារម្ភដែលនាំទៅរកការផ្លាស់ប្តូរដ៏ធំធេងសម្រាប់យើង ដែលអាចធ្វើទៅបាននៅក្នុងកិច្ចប្រជុំ​កំពូលនា​ខែមេសានេះ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )