ព្រៃត្រូពិចទំហំជិតស្មើនឹងប្រទេសអង់គ្លេសត្រូវបានបំផ្លាញក្នុងឆ្នាំ២០១៨

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាកាលពីឆ្នាំមុនមនុស្សជាតិបានបំផ្លាញព្រៃត្រូពិចទំហំជិតស្មើនឹងប្រទេសអង់គ្លេស ។ ទំហំដែលបានផ្សព្វផ្សាយនោះបានបង្ហាញពីការបាត់បង់យ៉ាងច្រើនបំផុតលើកទីបី ចាប់តាំងពីមានទិន្នន័យផ្តល់ដោយ​ផ្កាយរណបសកលក្នុងឆ្នាំ២០០១មក ។

ល្បឿននៃការបាត់បង់នេះគឺមានភាពគួរឱ្យភ្ញាក់ផ្អើល ដោយទំហំស្មើនឹងវាលបាល់ទាត់៣០កន្លែងបានបាត់រៀងរាល់មួយនាទីជារៀងរាល់ថ្ងៃ ឬ ស្មើនឹង ១២ លានហិកតាក្នុងមួយឆ្នាំ។

យោងតាមការវាយតម្លៃប្រចាំឆ្នាំរបស់អ្នកវិទ្យាសាស្ត្រនៅអង្គការឃ្លាំមើលព្រៃឈើសកលលោករបស់សាកលវិទ្យាល័យម៉ារីឡេន នៅអាមេរិក​ បានឱ្យដឹងថាស្ទើរតែមួយភាគបី​ ឬស្មើនឹងប្រមាណ​ ៣៦.០០០ គីឡូម៉ែត្រការ៉េនៃព្រៃដែលបាត់បង់គឺជាព្រៃត្រូពិចដែលមិនទាន់មានការរុករាន ។

ថ្វីបើមានវិធានការទប់ស្កាត់ជាច្រើនក្នុងកំរិតជាតិនិងអន្ដរជាតិក៏ដោយក៏ការកាប់បំផ្លាញព្រៃឈើមិនបានបន្តថយចុះនៅឡើយទេចាប់តាំងពីដើមសតវត្សទី២១មក។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៦.០៤.១៩)