នាវាចម្បាំងរបស់ប្រទេសបារាំងបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

តៃវ៉ាន់៖ មន្រ្តីសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានបរទេសឲ្យដឹងថានាវាចម្បាំងរបស់ប្រទេសបារាំងបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។​នេះជាដំណើរដ៏កម្រមួយរបស់នាវានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបហើយដែលត្រូវបានស្វាគមន៍ដោយក្រុងវ៉ាស៊ីនតោនប៉ុន្តែក៏បានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងប៉េកាំងផងដែរ។

ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះគឺជាសញ្ញាមួយបង្ហាញថាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងតែបង្ហាញពីអ្វីដែលជាសេរីភាពក្នុងការធ្វើនាវាចរនៅតាមផ្លូវទឹកអន្តរជាតិ ​ជិតប្រទេសចិន ។ ការធ្វើដំណើររបស់នាវាប្រទេសបារំាងនេះអាចនំាឲ្យសម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិក ដូចជាប្រទេសជប៉ុននិងអូស្ត្រាលី​ចាប់ផ្តើមពិចារណាពីការធ្វើប្រតិបត្តិការស្រដៀងគ្នានេះដែរ ។

ប្រតិបត្ដិការរបស់ប្រទេសបារាំងបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិន។កោះតៃវ៉ាន់គឺជាផ្នែកមួយនៃការបង្កើនភាពតានតឹងរវាងអាម៉េរិកនិងចិនដែលរួមមានសង្គ្រាមពាណិជ្ជកម្មការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងការបង្កើនកំលាំងកងទ័ពកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដោយសហរដ្ឋអាមេរិកក៏តែងតែធ្វើល្បាតឃ្លាំមើលពីសិទ្ធិសេរីភាពនៃនាវាចរណ៍ក្នុងតំបន់នោះផងដែរ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៦.០៤.១៩)