ទីប្រឹក្សាសន្តិសុខកំពូលប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយពីថ្ងៃពុធថា ទីប្រឹក្សាសន្តិសុខកំពូលប្រធានាធិបតី   កូរ៉េខាងត្បូងលោក មូន ចា – អ៊ីន ( Moon Jae in ) នឹងធ្វើកិច្ចចរចាក្នុងក្រុងសេអ៊ូលជាមួយសមភាគីរុស្ស៊ីរបស់លោកនៅសប្តាហ៍នេះ ។

លោក ជុង អឺយ – យ៉ុង នាយកការិយាល័យសន្តិសុខជាតិវិមានខៀវ ( NSO  ) នឹងធ្វើកិច្ចប្រជុំសន្តិសុខថ្នាក់ខ្ពស់មួយក្នុងក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះជាមួយលោក នីកូឡៃ ប៉ាទ្រូសេវ លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី  ។

វានឹងជាកិច្ចប្រជុំបែបនេះ លើកទី៥ ចាប់តាំងពីរដ្ឋការលោក មូន បានកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០១៧ ។ កិច្ចប្រជុំចុងក្រោយត្រូវបានគេធ្វើឡើងក្នុងខែមិថុនា ឆ្នាំ កន្លងទៅក្នុងរដ្ឋធានី មូស្គូ របស់រុស្ស៊ី ។

អ្នកនាំពាក្យរងវិមានខៀវ លោក កូ មីន ជុង បានកកត់សម្គាល់ថា កូរ៉េខាងត្បូង និងរុស្ស៊ី បានធ្វើកិច្ចប្រជុំសន្តិសុខបែបនេះជាទៀងទាត់នៅក្រោម រដ្ឋការលោក មូន ។ មន្ត្រីវិមានខៀវមួយរូបដែលបដិសេធមិនប្រាប់ឈ្មោះ បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងស្រុកថា លោក ជុង និង លោក ប៉ាទ្រូសេវ អាចធ្វើការពិគ្រោះយោបល់គ្នាស្តីពីបញ្ហាសន្តិសុខផ្សេងៗ រវាងប្រទេសទាំងពីរ ដោយលោកបដិសេធមិននិយាយឱ្យបានពិស្តារថែមទៀតទេ ។

កិច្ចប្រជុំសន្តិសុខសេអ៊ូល  – មូស្គូ ធ្វើឡើងនៅពេលដែលលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងគ្រោងធ្វើកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ​ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )