លោក ពូទីន មកដល់តំបន់ស៊ីបេរីភាគអាគ្នយ៍ ដើម្បីត្រួតពិនិត្យមើលបញ្ហាភ្លើងឆេះព្រៃ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានមកដល់ Trans-Baikal ភាគខាង​ត្បូងនៃ​តំបន់ស៊ីបេរី ជាប់ព្រំដែនប្រទេសចិន និងម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាគ្នា​អំពីការប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ​នៅក្នុងតំបន់នេះ។

ទស្សនកិច្ចរយៈពេលខ្លីនេះ នឹងមានរយៈពេលប្រហែលពីរម៉ោង។ បន្ទាប់ពីនោះ​លោកប្រធានាធិបតីនឹងហោះហើរទៅភាគខាងកើតទីក្រុងវ្ល៉ាឌីវ៉ូស្តុក ដើម្បីជួបជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គីម​ ជុង-អ៊ុន។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយក​ព័ត៌មាន​ថា​ ស្ថានភាពនៃភ្លើងឆេះព្រៃនៅក្នុងតំបន់នៅតែមានភាពស្មុគស្មាញខ្លាំង​ ដូច្នេះលោកប្រធានាធិបតី បានសម្រេចធ្វើកិច្ចប្រជុំនៅទីនោះ។

ប្រធានភ្នាក់ងារពាក់ព័ន្ធទាំងអស់ នឹងចូលរួមក្នុងសន្និសីទនេះ រួមទាំងរដ្ឋមន្ត្រី គ្រា​អា​សន្នលោក Yevgeny Zinichev។ យោងតាមលោក Peskovបានឱ្យដឹងថា  មេដឹកនាំរុស្ស៊ី​នឹងស្តាប់របាយការណ៍ស្តីពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើការជួយមនុស្សដែលរងរបួស ឬបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារភ្លើងឆេះព្រៃ ហើយ​ថា ​តើមានគ្រឿងបរិក្ខារគ្រប់គ្រាន់ឬអត់ និងបុគ្គលិកដើម្បីដោះស្រាយភ្លើងឆេះព្រៃនេះ។

នៅថ្ងៃទី១៩ និង ២០ ខែមេសា ​លំនៅឋានចំនួយ១៧ខ្នងត្រូវបានរងផលប៉ះពាល់​ដោយអគ្គិភ័យ នៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃតំបន់ Trans-Baikal។ មនុស្ស៣៥ នាក់​បានរងរបួស និង៨នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អគ្គិភ័យបាន​បំផ្លាញអគារលំនៅឋាន ៩៩ខ្នង កសិដ្ឋាន ១១៣កន្លែង និងអាគារបណ្តោះអាសន្នចំនួន ១៤៨។ ក្រៅពីនេះអគ្គិភ័យបានបំផ្លាញឧបករណ៍កសិកម្ម កន្លែងស្តុកស្រូវ២ និងសត្វក្នុងស្រុក​ជាង ៥.៦០០ក្បាល ។

យោងតាមបេកជនរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅតំបន់ Far East លោក Yuri Trutnev បានឱ្យដឹងថា ការខូចខាតដោយសារភ្លើងឆេះព្រៃ​ត្រូវបានប៉ាន់ប្រមាណថា ​មាន​ប្រហែល ៤០០លានរូប្លិ៍ (ស្មើនឹង ៦,២លានដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ន)។ មនុស្សសរុបចំនួន ៦៥០នាក់ត្រូវបានរងផលប៉ះពាល់៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )