ប្រធានាធិបតីចិន ជួបបេសកជនពិសេសនាយករដ្ឋមន្ត្រីជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ( Xi Jinping  ) កាលពីថ្ងៃពុធនេះបានជួបជាមួយលោក តូស៊ីហ៊ីរ៉ូ នីកៃ ( Toshihiro Nikai ) បេសកជនពិសេសនាយករដ្ឋមន្ត្រីជប៉ុន និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី នៅមុនវេទិកាខ្សែក្រវាត់ និង ផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ( BRF )  លើកទី២  ។

ដោយកត់សម្គាល់ថា ទំនាក់ទំនងចិន  –  ជប៉ុន បានត្រឡប់ទៅរកផ្លូវធម្មតាវិញ ព្រមទាំងទទួលបាននូវកម្លាំងចលករជាវិជ្ជមាននោះ លោក ស៊ី បាននិយាយថា ភាគីទាំងពីរគួរតែគោរពតាមគោលការណ៍ដែលបានបញ្ជាក់អះអាងនៅក្នុងឯកសារនយោបាយចិន –  ជប៉ុនទាំង៤ , ប្រកាន់ខ្ជាប់នូវទិសដៅជាទូទៅនៃសន្តិភាព និងមិត្តភាព , បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញការអភិវឌ្ឍនូវចំណងទាក់ទងទ្វេភាគីដែលរឹងមាំ និងមានស្ថិរភាព ។

លោក ស៊ី បាននិយាយថា ចិនស្វាគមន៍ការចូលរួមជាបន្ត និងធ្វើឱ្យស៊ីជម្រៅរបស់ប្រទេសជប៉ុន នៅ ក្នុងការធ្វើកំណែទម្រង់និងបើកចំហរបស់ចិន ព្រមទាំងសង្ឃឹមថា​ ជប៉ុននឹងដើរតួនាទីមួយកាន់តែសកម្មថែមទៀត ក្នុងការកសាងរួមគ្នាខ្សែក្រវ៉ាត់ និងផ្លូវ  ។

លោក នីកៃ បានប្រគល់លិខិតមួយ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ   អាបេ ( Shinzo Abe  ) ទៅឱ្យលោក ស៊ី នឹងបាននិយាយថា ជប៉ុនកំពុងមានការពេញចិត្តដែលថា ទំនាក់ទំនងជប៉ុន –  ចិនបានត្រឡប់ទៅរកផ្លូវវិញនោះ ។

ក្នុងឋានៈជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីទៅចូលរួម BRF  នោះលោក នីកៃ បាននិយាយថា ជប៉ុនមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងបញ្ហានេះ ព្រមទាំងគាំទ្រការផ្លាស់ប្តូរឱ្យបានទូលំទូលាយរវាងផ្នែកផ្សេងៗ របស់ប្រទេសទាំងពីរ ជាពិសេសក្នុងចំណោមយុវជន  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )