ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន សន្យាបន្តជំរុញ និងកៀរគរការវិនិយោគពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ឈិន យន់ (Chen Yuan) ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន មានប្រ សា​សន៍ថា នឹងបន្តជំរុញកៀរគរការវិនិយោគ ពីប្រទេសចិនមកកាន់កម្ពុជាបន្ថែមទៀត។ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឈិន យន់ ប្រធានសមាគមទំនាក់ទំនង​អន្តរ​ជា​តិចិន និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនាព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ នៅ​វិមា​នសន្តិភាព។

នៅក្នុងជំនួបនេះ ឯកឧត្ដម ឈិន យន់ បានគោរពជម្រាបជូន សម្តេចតេ​ជោ​ថា​ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្ដមមកកម្ពុជា។  ឯកឧត្ដមកត់សម្គាល់​ឃើញ​ថា កម្ពុ​ជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេសក្រុងភ្នំពេញ។ ឯកឧត្ដម ឈិន យ​​ន់ បា​នមានប្រសាសន៍ថា កន្លងមកមានធនាគារចិនចំនួនពីរដែលបានគាំទ្រ ដល់ការអភិ​វ​ឌ្ឍ​​ របស់កម្ពុជា ដែលធនាគារទាំងពីរនេះ បានជួយកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្ដម​បន្ត​ថា សេដ្ឋកិច្ច និងនយោបាយ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយមើល ឃើញថា កម្ពុជា​បា​ន​​ដើរតួនាទីសំខាន់ នៅក្នុងការថែរក្សាស្ថិរភាព នៅក្នុងតំបន់ និងជាមិត្តជិតស្និទ្ធ របស់បណ្តា​ប្រ​ទេសអាស៊ាននិងចិនផងដែរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិ ការមិត្តភាពក្នុងតំបន់។

ឯក​ឧត្ដ​ម​​​ប្រធាន​សមាគមទំនាក់ទំនងអន្តរជាតិចិនបានសង្កត់ធ្ងន់ថា អ្វីដែលចិន អាចបន្តជួយកម្ពុជា នៅ​ពេ​​លខាងមុខនេះ គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យកម្ពុជា ដើរតួនាទីសំខាន់ ក្នុងតំបន់ឥ​ណ្ឌូ​ចិន និងអាស៊ាន។ ឯកឧត្ដមប្រធានសមាគម ក៏បានស្នើសម្តេចតេជោនាយករដ្ឋមន្ត្រី  អភិ​វឌ្ឍ​របៀងសេដ្ឋកិច្ច នៅផ្លូវជាតិលេខ៩ ពិសេសរវាងកម្ពុជា និងប្រទេសឡាវ នៅពេលខាងមុខ ហើយ អ្វីដែលឯកឧត្ដមចង់ឃើញ គឺការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេស​ឯក​ឧ​ត្ដ​ម​បានបញ្ជាក់ ពីរបៀងប៉ូលសេដ្ឋកិច្ច រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលនឹងអាច​ធ្វើ​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។

ឯកឧត្ដមក៏បានស្នើសម្តេចតេជោ ធ្វើយ៉ាងណា​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ រូបិយប័ណ្ណចិន នៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ ដែលនឹង​អាច​ទាក់ទាញ វិនិយោគិនចិន និង បណ្តាប្រទេសដទៃបន្ថែមទៀតមកកម្ពុជា ព្រោះ ក្រុមហ៊ុន​ចិ​ន​ មានគោលបំណងធ្វើយ៉ាង ណា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាខ្លាំងក្លាជាងមុន តាមរយៈការគាំទ្រ និង​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យ ឯកឧត្ដម Chen Yuan និងប្រតិភូជួយ ធ្វើ​យ៉ា​ងណាឱ្យក្រុមហ៊ុនចិន បន្តធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្តទៀត សម្រាប់ក្រុមហ៊ុនចិន ដែល​មា​​​ន​​វត្តមាននៅកម្ពុជាស្រាប់។ លើសពីនេះទៀត បន្តកៀរគរក្រុមហ៊ុនចិនផ្សេងទៀត បន្ត​មក​វិនិ​​យោគនៅកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ ពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា នៅក្នុង​វេ​ទិ​​​កា​​រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលបានលើកឡើងពីវិធានការ និងគោល​នយោ​បាយ​សំ​​​ខាន់ៗ ក្នុងការកាត់បន្ថយថ្លៃដើម និងការផលិត និងដឹកជញ្ជូន ក្នុងបំណងសម្រួល ដល់​អ្ន​ក​វិនិ​យោគ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យចិនពង្រីក​ការ​​នាំចូល ផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារចិនបន្ថែមទៀត និងស្នើឱ្យមានការគាំទ្រ​ពីភា​គី​ចិ​ន លើហេដ្ឋារចនាសម្ព័ន្ធផ្សេង ពិសេសនៅខេត្តព្រះសីហនុ សម្រាប់ការអភិវឌ្ឍស្ថានីយសម្អា​​ត​ទឹកកខ្វក់៕

ដោយ ជឹម ណារី