កម្មករអណ្តូងរ៉ែថ្មយក់៥៤បាត់ខ្លួនក្នុងរដ្ឋភាគខាងជើងបំផុតរបស់មីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — ក្រសួងព័ត៌មាននិយាយពីថ្ងៃអង្គារថា កម្មករអណ្តូរ៉ែថ្មយក់ប្រហែល៥៤នាក់ បានបាត់ខ្លួនបន្ទាប់ពី ការបាក់អាងទប់ទឹកមួយនៅក្នុងរដ្ឋការជីនរបស់ប្រទេសមីយ៉ាន់ម៉ា។

ក្រសួងបាននិយាយនៅក្នុងការផ្សាយមួយថា អាងទប់ទឹកនេះបានបាក់កាលពីយប់ថ្ងៃចន្ទ នៅឯ កន្លែងយករ៉ែថ្មយក់ ដែលគេមិនបានប្រើមួយដែលជារបស់ក្រុមហ៊ុនយករ៉ែ Yunati នៅក្នុងភូមិ  Hmaw won ក្នុងតំបន់យករ៉ែ Hpakant ។

កម្មករអណ្តូងរ៉ែថ្មយក់និងគ្រឿងម៉ាស៊ីន៤០គ្រឿង ដែលរួមមានទាំងគ្រឿងចក្រសម្រាប់ការយកដី និងរថយន្តរបស់ក្រុមហ៊ុន Shwe Nagar koe kaung  គេជឿថា បានកប់នៅក្រោមភក់ ។

ប្រតិបត្តិការរុករកនិងជួយសង្គ្រោះ ត្រូវបានធ្វើឡើងដោយពួកអាជ្ញាធរក្នុងស្រុក ។  គ្រោះថ្នាក់នៃការយករ៉ែបានកើតមានជារឿយៗនៅក្នុងក្នុងតំបន់យករ៉ែ Hpakant  ហើយភាគច្រើន នៃការស្លាប់ គឺបង្កឡើងដោយការបាក់ដី ។

ប្រជាជនក្នុងស្រុកជាច្រើនបានធ្វើការចិញ្ចឹមជីវិតរបស់ពួកគេ តាមរយៈការដើររកថ្មយក់នៅក្នុង តំបន់នេះ ។  ការបាក់ដីធ្វើឱ្យស្លាប់មួយបានកើតឡើងនៅក្នុងតំបន់នោះ កាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ដែល សម្លាប់ពួកអ្នកដើររកថ្មយក់យ៉ាងហោចណាស់ ១១៦ នាក់ ហើយប្រហែល ១០០ នាក់ ទៀតបាត់ខ្លួន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )