នាយករដ្ឋមន្រ្តីវៀតណាមកំណត់ចេញនូវដំណោះស្រាយ នៅក្នុងការធ្វើសមាហរណកម្មអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩​  –កាលពីថ្ងៃទី២៣ ខែមេសា​ នៅក្នុងសន្និសីទទូរគមនាគមន៍មួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា បុគ្គលនិងអង្គភាពអាជីវកម្មទាំងអស់គួរតែជាប្រធានបទនៃការធ្វើសមាហរណកម្មអន្តរជាតិ។

ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការធ្វើសមាហរណកម្មអន្តរជាតិ នឹងទទួលបានភាពជោគជ័យជាមួយនឹងការចូលរួមប្រកបដោយប្រសិទ្ធភាពពីគ្រប់បុគ្គល និងអង្គភាពអាជីវកម្ម។

លោកបានជំរុញឱ្យប្រព័ន្ធនយោបាយទាំងមូល និងភ្នាក់ងារគ្រប់ជាន់ថ្នាក់ បង្ហាញការតាំងចិត្តរឹងមាំ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា សមាហរណកម្មសេដ្ឋកិច្ចត្រូវតែបង្កើនកម្លាំងផ្ទៃក្នុង ដែលជាភារកិច្ចស្នូល ហើយការធ្វើសមាហរណកម្មនៅក្នុងវិស័យដទៃទៀត ក៏ត្រូវតែគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចផងដែរ។

ទាក់ទងនឹងការធ្វើសមាហរណកម្មនៅក្នុងវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ព្រមទាំងតួនាទីដ៏ពេញលេញនៃការទូតពហុភាគី។

នៅក្នុងវិស័យសង្គម វប្បធម៌ ការអប់រំ និងការបញ្ចូលបច្ចេកវិទ្យា វិទ្យាសាស្ត្រ នាយករដ្ឋមន្ត្រី លោក Phuc បានលើកឡើងថា បច្ចេកវិទ្យា និងទេពកោសល្យ នឹងសម្រេចជោគជ័យនៅក្នុងការប្រកួតប្រជែងក្នុងសតវត្សរ៍ទី ២១ ហើយបានគូសបញ្ជាក់នូវសារៈសំខាន់នៃការរៀនសូត្រ ដើម្បីលើកកម្ពស់កងកម្លាំងផ្ទៃក្នុងស្របតាមការអនុវត្ត និងស្តង់ដារទូទៅ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)