ក្រុមរដ្ឋឥស្លាមប្រកាសថាក្រុមខ្លួនជាអ្នកបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កា​​

ស្រីលង្កា៖ ក្រុមរដ្ឋឥស្លាម ដែលហៅកាត់ថា ក្រុមអាយស៊ីស កាលពីថ្ងៃអង្គារនេះ បានចេញមកប្រកាសថា
ក្រុមរបស់ខ្លួនជាអ្នកដាក់គ្រាប់បែកនៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យកន្លងមកនេះ
ដែលធ្វើឲ្យមនុស្សចំនួន ៣២១ នាក់បានស្លាប់ និងប្រមាណជា ៥០០ នាក់ទៀតរងរបួស ។

មន្រ្តីរបស់ប្រទេសស្រីលង្កា បានសន្និដ្ឋានថា ការបំផ្ទុះគ្រាប់បែករបស់ក្រុមអាយស៊ីសនេះ
ទំនងជាការសងសឹក ទៅនឹងការបាញ់ប្រហារក្នុងវិហារឥស្លាមកាលពីថ្មី ៗ នេះ
ក្នុងប្រទេសនូវ៉ែលហ្សេឡង់ ។

ក្រុមអាយស៊ីសបានធ្វើការអះអាងនេះ តាមទីភ្នាក់ងារព័ត៌មានរបស់ខ្លួន ឈ្មោះ អាម៉ាក់
បន្ទាប់ពីរដ្ឋាភិបាលប្រទេសស្រីលង្កាបាននិយាយថា ក្រុមឥស្លាមពីរក្រុម
ដែលជាប់សង្ស័យថាមានខ្សែរយៈទាក់ទងជាមួយក្រុមយុទ្ធជនបរទេស
គឺជាក្រុមដែលបានដាក់គ្រាប់បែកបំផ្ទុះនៅវិហារគ្រឹស្តសាសនា បីកន្លែង និងសណ្ឋាគារប្រណីតចំនួន
បួន កន្លែង ។

ប្រភពព័ត៌មានបី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសថា មន្រ្តីផ្នែកចារកម្មរបស់ប្រទេសស្រីលង្កា
បានទទូលព័ត៌មានព្រមានពីប្រទេសឥណ្ឌា តែប៉ុន្មានម៉ោងមុនមានការវាយប្រហារនេះ ។​

ឆាយ វីកាល
ប្រភព រ៉យតឺ ​(២៤.០៤.១៩)​