ឯកអគ្គរដ្ឋទូតឡាវជួបសម្តែងការគួរសមជាមួយអភិបាលខេត្តសៀមរាបឈ្វេងយល់ពីវិស័យ ទេសចរណ៍

AKP សៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធា  រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដំណើរដោយអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង និងសហការី បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីឈ្វេងយល់ពី    វិស័យទេសចរណ៍ក្នុងខេត្ត ដែលជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។

នៅក្នុងជំនួបនោះ ឯកឧត្តម Amphay KINDAVONG បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូមកកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើមី្បធ្វើការសិក្សាឈ្វេងយល់ អំពីស្ថានភាពនៃវិស័យទេសចរណ៍របស់ខេត្តសៀមរាប។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានធ្វើការកោតសរសើរអំពីកិច្ចអភិវឌ្ឍន៍រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរគ្រប់ជាតិសាសន៍ នៅលើពិភពលោកចូលមក   ទស្សនាកម្សាន្ត។ ម៉្យាងទៀតខេត្តសៀមរាបដែលមានសម្បត្តិវប្បធម៌ដ៏លី្បល្បាញគឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសក្តានុពលមួយដ៏ខ្លាំងក្លា ក្នុងការទាក់ទាញភ្ញៀវទេសចរ ដូច្នេះហើយទឹកដីនៃខេត្តសៀមរាប ទោះបីមិនជាប់នឹងប្រទេសឡាវ ក៏វាមិននៅឆ្ងាយពីគ្នាផងដែរ។ ឡាវក៏មានក្រុមហ៊ុនអាកាសចរណ៍ឡាវមួយ បាននិងកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តសៀមរាបនេះដែរ។

ក្រៅពីពីវិស័យទេសចរណ៍ ឯកឧត្តម Amphay KINDAVONG ក៏បានលើកឡើងផងដែរ អំពីកិច្ចទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឡាវ មានតាំងពីដូនតាដ៏យូរលង់ណាស់មកហើយ  ។ ម៉្យាងទៀតប្រទេសទាំងពីរ មានភូមិផងរបងជាមួយគ្នា និងមានវប្បធម៌ប្រពៃណី សាសនាដូចគ្នា ដែលប្រជាជននៃប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកទៀតផង។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ លើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ មានជាយូរលង់មកហើយ ព្រមទាំងបានប្រកៀកស្មាគ្នាដើមី្បទាមទារនូវឯករាជ្យទឹកដី ពីពួកអាណានិគមនិយមបារាំងទៀតផង។ ខេត្តសៀមរាបក៏មានទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តចំប៉ាសាក់និងខេត្តសៀមរាបនៅឆ្នាំ២០១១ ដោយផ្តោតលើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ។ ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរមិនទន់បានធ្វើអ្វីមួយរួមគ្នាដើមី្បជាគុណប្រយោជន៍សម្រាប់គ្នាទៅវិញទៅមកឡើយ គឺបានត្រឹមផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តទាំងពីរតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ឯកឧត្តម អភិបាលខេត្តសៀមរាប បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកទៅលើវិស័យទេសចរណ៍និងកសិកម្ម ព្រមទាំងបានលើកឡើងផងដែរអំពីស្ថានភាពនៃភ្ញៀវទេសចរ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយសារខេត្តសៀមរាបសម្បូរទៅដោយសម្បតិ្តវប្បធម៌ដ៏សម្បូរបែប ដែលមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិជាច្រើនទៀតផង។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកនូវសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើវិស័យកសិ កម្ម និង ពាណិជ្ជកម្ម រួមទាំងវិស័យទេសចរណ៍ ដោយប្រទេសយើងទាំងពីរមានស្ថានភាពភូមិសាស្ត្រដីដូចគ្នា ដែលមានទន្លេមេគង្គឆ្លងកាត់ដូចគ្នា ព្រមទាំងសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ ប្រពៃណី និងសាសនាផងដែរ ៕

ដោយ ហង្ស​ សៀក