រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលរៀបចំពង្រីកកន្លែងកំសាន្តបន្ថែមដើម្បីបំរើដល់ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ដោយ លោកគឹម ហឿន ខេត្តស្ទឹងត្រែង៖
រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាល ក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានរៀបចំពង្រីក ទីតាំងឱ្យធំទូលាយដើម្បីបំរើភ្ញៀវទេសចរមកលេងកំសាន្ត ឱ្យ មានភាពងាយស្រួល ស្របទៅតាមស្តង់ដាក្នុងពេលដែលភ្ញៀវនិយមមកលេងកំសាន្តច្រើនជាងគេក្នុងចំណោមរមណីយដ្ឋានសំខាន់ៗចំនួន៥នៅក្នុងខេត្តនាឆ្នាំនេះ។

លោកស្រីសោមសុខលាងប្រធានសហគមន៍រមណីយដ្ឋាននេះបានបញ្ជាក់ថា៖កាលពីថ្ងៃបុណ្យចូលឆ្នាំក៍ដូចជាថ្ងៃឈប់សម្រាកដែរ ភ្ញៀវទេសចរមកលេងកំសាន្តច្រើន ព្រោះរមណីយដ្ឋាននេះមានកន្លែងលេងទឹកនិងមានម្លប់ឈើត្រជាក់ប្រកបដោយផាសុខភាព ហើយមានទីតាំងនៅជិតទីរួមខេត្តផង ។


លោកស្រីបានអះអាងថា៖តបតាម សំណូមពររបស់ភ្ញៀវ សហគមន៍នឹងត្រូវពង្រីករមណីយដ្ឋាន ឱ្យធំជាងនេះ ដើម្បីបំរើសេចក្តីត្រូវការរបស់ភ្ញៀវនិងបានចូលរួមប្រកួតប្រជែង រមណីយដ្ឋានស្អាតមានភាពបៃតងតាមការណែនាំរបស់មន្ទីរទេសចរណ៍។

លោកអ៊ួងកុសលសមាជិក រមណីយដ្ឋានទេសចរណ៍នេះបានអះអាងថា៖បញ្ហានេះសមាជិកសហគមន៍ធ្លាប់បានលើកគម្រោងរៀបចំរួចមកហើយ តែចេះតែអូសបន្លាយពេលវាលា ពីមួយឆ្នាំទៅមួយឆ្នាំ ណាមួយខ្វះខាតថវិកាក្នុងការរៀបចំផង។ លោកបញ្ជាក់ថា៖ក្រៅពីគម្រោងនេះផ្នែកសេវាកម្មផ្សេងៗសហគមន៍ក៍ប្រឹងប្រែងអនុវត្តបានល្អដែរ ទាំងផ្នែករៀបចំបរិស្ថាន- តម្លៃម្ហូមអាហារ -និងការទទួលខុសត្រូវនៅពេលមានភ្ញៀវចុះលេងទឹកជាដើម ។
(សំឡេង)៖យើងប្រាប់គាត់ដែរទាក់ទងការលេងទឹកយើងប្រាប់គាត់ថាប្រយ័ត្នក្មេងៗព្រោះនៅខាងលើវាមានតំបន់ទឹកជ្រៅត្រឹម ក ត្រឹមទ្រូងមនុស្សធំ អញ្ចឹងក្មេងៗវាអាចលិចក្បាល អីអញ្ចឹងអត់ឱ្យក្មេងទៅលេងទេ គាត់មានតែមក ម្តុំ ទឹករាក់ៗ ។

កញ្ញា វណ្ណ លី លី ភ្ញៀវទេសចរ មកកំសាន្តរមណីយដ្ឋាននេះបានគាត់សំគាល់ថាៈ៖ នេះជាការទទួលខុសត្រូវរបស់ម្ចាស់រមណីយដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពភ្ញៀវនៅពេលដែលបានមកលេងម្តងហើយ ឱ្យចង់មកម្ដងទៀត ព្រោះតំបន់ទេសចរណ៍ធម្មជាតិនេះមានទឹករាក់ចុះលេងសប្បាយ។
(សំឡេង)៖ចង់និយាយថានៅលេងទីនេះសប្បាយព្រោះវាមានទឹកត្រជាក់ និងមានមនុស្សច្រើន ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានមកលេងនៅអូរច្រឡង់ បើបងប្អនចង់មកលេងទីកន្លែងនេះ ឃើញភ្ញៀវទេសចរមកច្រើន អញ្ចឹងគាត់សប្បាយចង់មកទៀតពេលមានភ្ញៀវមកច្រើន។

សូមបញ្ជាក់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិនេះ ភ្ញៀវទេសចរនិយមមកលេង រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលច្រើនជាងរមណីយដ្ឋាននានានៅក្នុងខេត្តស្ទឹងត្រែងដែលទទួលបានភ្ញៀវសរុប ជិត២ម៉ឺននាក់លើសឆ្នាំ២០១៨ប្រមាណ៤០%៕