ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែល បានការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំកន្លងមក

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ការពារសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ ដែលបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយគ្រប់ទីកន្លែង។សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹក ថ្ងៃទី២៣ ខែមេសានេះ។សម្តេចតេជោបានកត់សំគាល់ឃើញថា ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋយើងបានសប្បាយរីករាយខ្លាំងគ្រប់ទីកន្លែង ដោយសារយើងមានសង្ក្រាន្តតាមខេត្តនីមួយៗ ដែលបានបង្ហាញអោយឃើញអំពីប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរយើង។ សម្តេចតេជោ បន្តថា ភាពសប្បាយរីករាយទាំងអស់នេះគឺកើតមានឡើងដោយសារកក្តាសំខាន់ៗ៤គឺ ១)កត្តាសុខសន្តិភាពក្នុងផ្ទៃប្រទេស , ២) កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង ដែលធ្វើអោយពលរដ្ឋបានដើរលេកម្សាន្តគ្រប់ទីកន្លែង, ៣) កត្តាប្រជាជនមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា និង៤)កត្តាប្រាក់ចំណូលសមរម្យ ដែលផ្តល់ឱកាសអោយពលរដ្ឋមានឱកាសធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមថែរក្សាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ៕