មេដឹកនាំកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអង្គារថា មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គីម ជុង-អ៊ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីឆាប់ៗនេះ សម្រាប់កិច្ចប្រជុំ​កំពូលដំបូងរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម នឹង​ធ្វើទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក Vladimir Vladimirovich Putin ប្រធានសហព័ន្ធរុស្ស៊ី។ ពួកគេនឹងមានកិច្ចពិភាក្សាក្នុងអំឡុងពេលនៃដំណើរ​ទស្សន​កិច្ច​នេះ។

ទោះជាយ៉ាងណាក៏ដោយ KCNA មិនបាននិយាយពីពេលវេលា និងទីកន្លែងដែលពួកគេ​នឹងជួបគ្នានោះទេ។ កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់កូរ៉េ​ខាង​ជើង​ក៏បានរាយការណ៍ផងដែរ អំពីដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី​ដោយ​មិនផ្តល់ព័ត៌មានលម្អិតនោះទេដែរ។

វាជារឿងមិនធម្មតាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង ក្នុងការរាយការណ៍អំពី​ផែនការធ្វើដំណើររបស់មេដឹកនាំ។ លោក គីម និងលោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំ​គ្នា​នៅទីក្រុងវ៉ាសេដូវ៉ូស្ត ភាគបូព៌ារនៃរុស្ស៊ីនាថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍។ កាលពីពេលមុននេះដែរ វិមានក្រឹមឡាំងបានប្រកាសថា នឹងជួបប្រជុំគ្នានៅចុងខែនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន​លម្អិតទេ។

យោងតាមប្រភពជាច្រើន ដោយកាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា​ លោក គីម នឹងមកដល់ទីក្រុងVladivostok នៅថ្ងៃពុធ និងរៀបចំជំនួបកំពូលជាមួយលោក ពូទីន ​នៅ​សាកលវិទ្យាល័យ Far Eastern នាថ្ងៃបន្ទាប់។

កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងស្នាក់នៅក្នុងប្រទេសរុស្ស៊ីរហូតដល់​ថ្ងៃសុក្រ ទោះ​បី​ជាលោក  ពូទីន នឹងចាកចេញទៅទីក្រុងប៉េកាំងភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ​កូរ៉េខាងជើងក៏ដោយ ដើម្បីចូលរួមសន្និសីទអន្តរជាតិដែលគ្រោងនឹងធ្វើឡើង​នៅថ្ងៃសុក្រ​និងថ្ងៃសៅរ៍។

កាសែតនេះក៏បាននិយាយផងដែរថា រថភ្លើងរបស់លោក គីម ដែលអាចដឹកជញ្ជូន​គណៈ​​ប្រតិភូចំនួន២៣០នាក់ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ព្រំដែនកូរ៉េខាងជើង-រុស្ស៊ី នៅព្រឹក​​ថ្ងៃពុធ។

ប្រសិនបើលោក គីម ធ្វើដំណើរតាមរថភ្លើង វានឹងចំណាយពេលយ៉ាងហោចណាស់ ២០ម៉ោង​ដើម្បីទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក។ ដោយបញ្ជាក់ពីពេលវេលានៃធ្វើដំណើរ លោក គីម ​អាចចាកចេញទៅទីក្រុងនៃ ប្រទេសរុស្ស៊ីនៅល្ងាចថ្ងៃអង្គារនេះ។

នេះក៏ជាលើកដំបូងសម្រាប់លោក គីម ធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែកុម្ភៈនៅទីក្រុងហាណូយជាមួយលោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងមួយនោះ​ខណៈដែលពួកគេបរាជ័យ ក្នុងការស្វែងរក​មូលដ្ឋានរួមគ្នាលើវិសាលភាពនៃការលុបបំបាត់ការដាក់ទណ្ឌកម្មរបស់ទីក្រុងព្យុងយ៉ាង និង​ការ​បន្ធូរ​បន្ថយទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន។

សារព័ត៌មានមួយចំនួនបាននិយាយថា លោក គីម និងលោក ពូទីន ក៏ទំនងជានឹង​ពិភាក្សា​ពីការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ​ក្នុងអំឡុងពេលកិច្ច​ប្រជុំ​កំពូលរបស់ពួកគេ។

ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងរុស្ស៊ីមានចំនួន ៣៤លានដុល្លារនៅក្នុងឆ្នាំ ២០១៨ ដោយបានធ្លាក់ចុះ ៥៦,៣ភាគរយពីចំនួន ៧៧,៩ លានដុល្លារអាមេរិក​ដែលបានកត់​ត្រាកាលពីឆ្នាំមុន ចំពេលដែលការដាក់ទណ្ឌកម្មអន្តរជាតិដាក់លើកូរ៉េខាងជើង​លើកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)