កម្ពុជាបើកផ្លូវឲ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃបង្រៀនពីនិស្សិត ខណៈប្រទេសមួយចំនួនមិនហ៊ានធ្វេី

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី ៖

ប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកផ្លូវឲ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃបង្រៀនពីនិស្សិត ខណៈប្រទេសមួយចំនួនមិនហ៊ានធ្វើ ស្របពេលកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីជួយដោះស្រាយបញ្ហាទាក់ទងនឹងប្រាក់ឧបត្ថម្ភសម្រាប់សាស្ត្រាចារ្យ និងមួយផ្នែកទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាកលវិទ្យាល័យ ។
សម្តេចតេជោ មានប្រសាសន៍ថា សាកលវិទ្យាល័យនានាដែលទទួលបាននូវការធ្វើបែបនេះគឺ មិនពឹងផ្អែកទៅលើថវិកាជាតិទាំងស្រុងនោះទេ ដោយសារតែមានការចូលរួមពីវិស័យឯកជនដែលក្នុងនោះសំដៅទៅលើនិស្សិតដែលចូលរៀនបង់ថ្លៃ ។
«ប្រទេសមួយចំនួនមិនហ៊ានធ្វើ តែកម្ពុជាហ៊ានធ្វើ គឺនៅត្រង់ថា បើកឱកាសឲ្យសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋយកមួយផ្នែក ដើម្បីឲ្យនិស្សិតរៀនបង់ថ្លៃ។ ចំណុចនេះជាចំណុចដែលប្រទេសមួយចំនួនមិនហ៊ានធ្វើទេ ប៉ុន្តែកម្ពុជាហ៊ានធ្វើបែបនេះ។ តួយ៉ាងយើងអនុញ្ញាតមុនគេបង្អស់គឺវិទ្យាស្ថានជាតិគ្រប់គ្រងនេះតែម្ដង ដែលយើងហ៊ានអនុញ្ញាតឲ្យយកមួយភាគ ដើម្បីរៀនបង់ថ្លៃ។ អញ្ចឹងទេបានជាឃើញវត្តមានរបស់ខ្ញុំនៅទីនោះ គឺតាំងពីឆ្នាំ១៩៩៦ ១៩៩៧ ដែលបានទៅទីនោះតាមកំណត់ត្រាដែលបានកត់ត្រាទុក។ តាំងពីឆ្នាំ១៩៩៦ ពេលនោះវិទ្យាស្ថានជាតិគ្រប់គ្រងរបស់យើងនៅពេលនោះនៅជាផ្នែកមួយនៃសាកលវិទ្យាល័យភ្នំពេញនៅឡើយទេ គឺបានទទួលការអនុញ្ញាតឲ្យរៀនបង់ថ្លៃ បន្ទាប់ទៅយើងបានពង្រីកជាបណ្ដើរៗរហូត អនុញ្ញាតឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបាននូវការរៀនបង់ថ្លៃរបស់និស្សិតរបស់យើង។ បើយើងមិនធ្វើបែបនេះទេ សួរថាតើរដ្ឋរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ? យើងមានសកលវិទ្យាល័យយើងមានអគារ ប៉ុន្តែលទ្ធភាពខាងអាហារូបករណ៍ដល់ណា តាមរយៈសកម្មភាពដែលយើងផ្ដល់ឱកាសឲ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មានមួយផ្នែកសម្រាប់ការសិក្សាបង់ថ្លៃបានជួយដោះស្រាយ បញ្ហាទាក់ទិនជាមួយនឹងប្រាក់ឧបត្ថម្ភសម្រាប់សាស្ត្រាចារ្យផង និងមួយផ្នែកទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ដំណើរការសាកលវិទ្យាល័យផង។ អញ្ចឹងសាកលវិទ្យាល័យនានាដែលទទួលបាននូវការធ្វើបែបនេះមិនពឹងផ្អែកទៅលើថវិកាជាតិទាំងស្រុងនោះទេ គឺបានមកពីការចូលរួមនៅក្នុងវិស័យឯកជន ដែលក្នុងនោះសំដៅទៅលើនិស្សិតដែលចូលរៀនបង់ថ្លៃនេះឯង »៕