ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធរួមគ្នាលើកកម្ពស់នារី ឲ្យទទួលបានការសិក្សាកាន់តែខ្ពស់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ផល​៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធរួមគ្នាធ្វើឱ្យនារីទទួលបានការសិក្សាកាន់តែខ្ពស់ ជាពិសេសលើកទឹកចិត្តដល់ស្វាមី និងឪពុកម្តាយផ្តល់ឱកាសឱ្យភរិយា ក៏ដូចជា កូនស្រី រៀនសូត្របានខ្ពស់ ដូចបុរសដែរ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ ដែលធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌កោះពេជ្រ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថានិស្សិតចំនួន ២២៨៨នាក់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះមាននិស្សិតជាស្ត្រីចំនួន ១១៩៤ នាក់ស្មើនឹង ៥២,៤១% ។សម្តេចតេជោបានបន្តថា ចំណុចនេះបានបង្ហាញឲ្យឃើញអំពីនិន្នាការដែលវាកើនឡើង ប៉ុន្តែវាមិនទាន់ដល់កម្រិតដែលយើងចង់បាននោះទេ ។សម្តេចតេជោ បានបន្តថា កំរិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួននិស្សិតជាស្រ្តី បានថយចុះ ជាពិសេសកំរិត ថ្នាក់បណ្ឌិត ស្ទើរតែគ្មាននិស្សិតជាស្រ្តី។ ដូច្នេះដើម្បីឲ្យស្ត្រីចូលរួមការងារនៅក្នុងសង្គមកាន់តែច្រើន សម្តេចតេជោ បានអំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ និងអាណាព្យាបាល រួមគ្នាលើកទឹកចិត្តស្រី្ត ក្នុងផ្តល់ឱកាសឲ្យស្ត្រីបានសិក្សាឲ្យបានច្រើនដូចបុរសដែរ។
សម្លេង៖ ចំណុចនេះលោកជំទាវ អ៊ឹងកន្ថាថាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវតាមដានឲ្យជាប់អំពីចំណុចទាក់ទិនជាមួយនឹងកំណើន បើទោះបីជាវាមិនទាន់ស្មើភាពគ្នា ៥០% ៥០% ក៏ដោយចុះ ក៏ប៉ុន្តែអោយតែមានកំណើន លើកទឹកចិត្តឱ្យ មានកំណើនជាស្រ្តី ព្រោះយើងបានដាក់ចេញគោលដៅ ក្នុងការតែងតាំងមន្ត្រីជាស្ត្រី និងអ្នកធ្វើការងារដោះស្រាយបញ្ហាក្នុងកំរិតនយោបាយក្តី ក្នុងកំរិតរដ្ឋបាលក្តី និងក្នុងកម្រិតទាក់ទិនជាមួយនិងធុរកិច្ច យើងលើកទឹកចិត្តឱកាសសម្រាប់ស្ត្រីរបស់យើង ចឹងក៏ត្រូវទាក់ទាញលើកទឹកចិត្តស្វាមី ផ្ដល់ឱកាសសម្រាប់ភរិយា ដើម្បីបន្តការរៀនសូត្រ ឪពុកម្ដាយផ្ដល់ឱកាសសម្រាប់កូនស្រី ដើម្បីបន្តការរៀនសូត្រដើម្បីយកកម្រិតទៅថ្នាក់ខ្ពស់ជាង ។ទំនៀមទម្លាប់ប្រពៃណីរបស់យើង ត្រូវបានកាត់បន្ថយជាបណ្តើរៗ ប៉ុន្តែស្ថានភាពបុរសនិងស្ត្រីនៅតែមានវិសមភាពប៉ុន្តែយ៉ាងណាក៏ដោយ អត្រានៃការកើនឡើងជាង ៣១% នេះ អាចចាត់ទុកថាជាអត្រាកំណើនមួយល្អ ហើយរំពឹងទុកថាអត្រានៃស្ត្រីដែលជាប់ថ្នាក់បរិញ្ញាជាន់ខ្ពស់និងថ្នាក់បណ្ឌិតមានចំនួនកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងគោលដៅស្ដីពីការអភិវឌ្ឍន៍សំរាប់សមភាពយេនឌ័ររបស់យើង។