ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងមាត់ចំពោះអំពើភេរវកម្មនៅស្រីលង្កា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងមាត់ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កា ដែលណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដែលឆ្លុះបញ្ជាំងឲ្យកម្ពុជាត្រូវរក្សាឲ្យបាននូវសុខសន្ដិភាព ស្ថេរភាព និងក្ដីសុខជូន ប្រជាពលរដ្ឋ។



ថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ នៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កាគឺជាអំពើមួយដ៏ឃោឃៅ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសយ៉ាងច្រើន។
សម្តេចតេជោ ហ៊ុន សែន បានបន្ដថា បទពិសោធន៍នៅប្រទេសស្រីលង្កា ក៏ផ្តល់មេរៀនកាន់តែច្រើនដល់កម្ពុជា ត្រូវបន្ដការគ្រប់គ្រងឲ្យបានហ្មត់ចត់ទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះ។ សម្ដេចតេជោ លើកឡើងថា សេរីភាពហូសហេតុទៅលើការប្រើអាវុធជាតិផ្ទុះ គឺមិនមែនជាសេរីភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋនោះទេ។ សម្ដេចតេជោ បានបន្ថែមទៀតថា ចំពោះកម្ពុជា បានរឹតបន្តឹងទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះនេះ ដើម្បីរក្សាសន្ដិសុខជាតិ។