អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តមួយរយៈនៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តមួយរយៈនៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដើម្បីធ្វើការជួសជុលនិងផ្លាស់ប្តូរ និងតម្លើងបរិក្ខារអគ្គិសនីនានានៅក្នុងតំបន់ទំាង២នេះ ។

តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តសៀមរាប បានឲ្យដឹងថា ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥:០០នាទីព្រឹក រហូតដល់ម៉ោង៦:០០នាទីល្ងាច នៅខេត្តសៀមរាប រួមមាន ៖ ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុលអង្គរជុំ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកវ៉ារិន និងស្រុកស្វាយលើ ។

សេចក្តីប្រកាសបានឲ្យដឹងថា ចំពោះតំបន់សំខាន់ៗមួយចំនួនទៀតស្ថិតក្នុងក្រុងសៀមរាប រូមមានដូចជា៖ តំបន់រដ្ឋបាលសាលាខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើមអគ្គិសនីខេត្តសៀមរាប នឹងដំណើរការរោងចក្រផលិតថាមពលអគ្គិសនីកម្លាំង១០MW ដើម្បីបន្តផ្គត់ផ្គង់ជូន ។
ដោយឡែកសម្រាប់ខេត្តឧត្តមមានជ័យវិញមាន នៅក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក៏មានការផ្អាកចរន្តអគ្គិសនីដែរ។

ការផ្អាកផ្គត់ផ្គង់អគ្គិសនីនេះដោយសារភាគីខាងថៃបានផ្លាស់ប្តូរខ្សែបញ្ជូន (Transmission Line Conductor) នៅអនុស្ថានីយ៍ WATTANANAKORN ប្រទេសថៃ និងកាប់សំអាតដើមឈើក្រោមគន្លងខ្សែបញ្ជូនតង់ស្យុងខ្ពស់(១១៥គីឡូវ៉ុល)ពីបណ្តាញបញ្ជូនថៃ មកបណ្តាញបញ្ជូនកម្ពុជា ។
អគ្គិសនីខេត្តសៀមរាបសូមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ ៕