រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហឹង្សាដ៏សាហាវឃោឃៅ នៅប្រទេសស្រីលង្កា

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេងគ្រី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែកដ៏គួរឲ្យស្អប់ខ្ពើម នៅប្រទេស ស្រីលង្កា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីការវាយប្រហារដ៏រន្ធត់លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេស ស្រីលង្កា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហឹង្សាដ៏សាហាវឃោឃៅនេះ ហើយទង្វើបង្កឲ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឲ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់អោនអោយជាដាច់ខាត។ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានជំហរសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនស្រីលង្កា នៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឲ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័សឡើងវិញ៕