រុស្ស៊ីស្វាគមន៍ជោគជ័យរបស់លោក ហ្សេឡិនស្គី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃអាទិត្យនេះពួកមន្ត្រីរុស្ស៊ីបានស្វាគមន៍លទ្ធផលបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន បន្ទាប់ពីការស្ទង់មតិពួកអ្នកបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេស ដែលបានបង្ហាញនូវជ័យជម្នះរបស់លោក វ៉ូឡូឌីមៀរ -​ហ្សេឡិនស្គី ( Volodymyr Zelensky  )  ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្គ្រីហ្គោរី ការ៉ាស៊ីន ( Grigory Karasin  ) បានសសើរថា ប្រជាជនអ៊ុយក្រែនបានធ្វើបោះឆ្នោត ដើម្បីធ្វើការផ្លាស់ប្តូរ ។

ទីភ្នាក់ងារព័ត៌មាន Sputnik  បានដកស្រង់សម្តីលោក ការ៉ាស៊ីន ដែលនិយាយថា ឥឡូវនេះវាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីរបស់ប្រទេសនេះ ដើម្បីឱ្យមានការយោគយល់គ្នា និងការអនុវត្តនូវបំណងប្រាថ្នារបស់ពួកអ្នកបោះឆ្នោត ។ ជាការពិតនេះនឹងនិយាយយោងទៅដល់នយោបាយក្នុងស្រុកនិងបរទេសរបស់ប្រទេសនេះ ។

លោក កុងស្តង់ទីន កូសាសេវ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបាននិយាយថា លោក មើលមិនឃើញនូវហេតុផលណាមួយដែលឱ្យរុស្ស៊ី មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនេះទេ ។

ការស្ទង់មតិពួកអ្នកបោះឆ្នោតថ្នាក់ជាតិរបស់អ៊ុយក្រែន បានបង្ហាញឱ្យឃើញនៅមុននេះថា សិល្បករអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី   បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានសម្លេងឆ្នោត ៧៣,១ភាគរយនៅក្នុងការបោះឆ្នោតជុំទី២ ។

លទ្ធផលបោះឆ្នោតជុំទី២នេះត្រូវបានកំណត់ប្រកាសឱ្យដឹងដោយគណៈកម្មការបោះឆ្នោតកណ្តាលនៅត្រឹមថ្ងៃទី១ ខែឧសភា ហើយប្រធានាធិបតីថ្មីគេរំពឹងថា នឹងឡើងកាប់តំណែងមិនឱ្យយូរជាងថ្ងៃទី៣ ខែមិថុនាទេ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )