កូរ៉េខាងត្បូងរៀបចំព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបកិច្ចប្រជុំកំពូល

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — ក្រសួងបង្រួបបង្រួមជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើពិធីមួយនៅ​សប្តាហ៍​នេះ ដើម្បីអបអរខួបនៃកិច្ចប្រជុំកំពូលលើកដំបូងកាលពីឆ្នាំមុន រវាងលោកប្រធានា​ធិបតី លោក មូន ចេ-អ៊ិន និងមេដឹកនាំកូរ៉េ​ខាង​ជើង​លោក គីម ជុង-អ៊ុន ទោះពីការចូលរួម​របស់​កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍នេះ ​គឺមិន​ទាន់ប្រាកដ​ប្រជាក៏ដោយ។

យោងតាមក្រសួងបានឱ្យដឹងថា សិល្បៈករមកពីប្រទេសចំនួនបួន គឺកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន និងចិន នឹងសម្តែងនៅភូមិជាប់ព្រំប្រទល់ដែន Panmumjon នាថ្ងៃសៅរ៍​ខាងមុខនេះ។

លោក មូន និងលោក គីម​ បានប្រារព្ធកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ​កាលពី​ខែមេសា ឆ្នាំមុន ដែលអមដោយកិច្ចប្រជុំអន្តរកូរ៉េពីរលើក និងកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់​មេដឹកនាំ​កូរ៉េខាងជើង ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ កិច្ចប្រជុំរបស់​លោក មូន និងលោក គីម នៅខែមេសានេះ ​គឺជាកិច្ចប្រជុំកំពូលលើកដំបូងដែលធ្វើឡើងរវាង​កូរ៉េទាំងពីរក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ក្រសួងនេះបាននិយាយថា ខ្លួននឹងអញ្ជើញភ្ញៀវចំនួន ៥០០នាក់​រួមទាំងអ្នកការទូត​បរទេសអ្នកនយោបាយ មន្រ្តីមកពីបញ្ជាការអង្គការសហប្រជាជាតិ និងប្រជាជននៅទីក្រុង​សេអ៊ូល និងខេត្ត ដែលនៅជុំវិញ ខេត្ត ហ្គីយ៉ុងជី(Gyeonggi) ដើម្បីចូលរួមព្រឹត្តិការណ៍ដែលនឹង​ត្រូវ​ចាក់ផ្សាយបន្តផ្ទាល់នៅទូទាំងប្រទេសផងដែរ។

ថ្វីបើនៅមិនទាន់ដឹងច្បាស់ថា ប្រជាជនកូរ៉េខាងជើងនឹងមកចូលរួមក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ ចំពេលមានការជាប់គាំងនៅក្នុងការចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីក្រសួងម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា យើងគ្រោងនឹងជូនដំណឹងដល់កូរ៉េ​ខាង​ជើង​នៅក្នុងពេលវេលាសមស្របមួយ។ លោកបានបន្ថែមថា ​ខ្លួនមិនទាន់បានផ្តល់​សេចក្តី​ជូនដំណឹងនេះនៅឡើយទេដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរៀបចំរួមគ្នាដោយក្រសួង​រដ្ឋាភិបាលទីក្រុងសេអ៊ូល និង​រដ្ឋាភិបាលទីក្រុងខេត្តហ្គីយ៉ុងជី៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )