ពួកមេដឹកនាំអឺរ៉ុបថ្កោលទោសការបំផ្ទុះគ្រាប់បែក ធ្វើឱ្យស្លាប់មនុស្សយ៉ាងច្រើនក្នុងប្រទេសស្រីលង្កា  

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា  ឆ្នាំ២០១៩ — កាលពីថ្ងៃអាទិត្យនេះ ពួកមេដឹកនាំអឺរ៉ុបបានថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែក ដែលធ្វើឱ្យ ស្លាប់នៅក្នុងប្រទេសស្រីលង្កា ដែលគេរាយការណ៍ថា បានសម្លាប់មនុស្ស២២៨នាក់ និងរបួស៤៥០នាក់។

លោក ហ្សង់-ក្លូដ ជាំងខឺរ ( Jean-Claude Juncker ) ប្រធានគណៈកម្មការអឺរ៉ុប បាន tweet   ថា វាជាការ រន្ធត់និងសោកសៅដែលខ្ញុំបានឮអំពីការបំផ្ទុះគ្រាប់បែក ក្នុងប្រទេសស្រីលង្កាដែលធ្វើឱ្យបាត់បង់អាយុជីវិត មនុស្សយ៉ាងច្រើនបំផុតនេះ ។ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ ដែលបានប្រមូលផ្តុំគ្នាធ្វើសក្ការបូជាដោយសន្តិភាព ឬ មកធ្វើទស្សនកិច្ចប្រទេសដ៏ស្រស់ស្អាតនេះ ។ យើងត្រៀមខ្លួនធ្វើការគាំទ្រ ។

លោក ដូ ណាល់  ទុស្ត ( Donald Tusk ) ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសរសេរនៅលើគណនី Twitter របស់លោកថា«បុណ្យរំលឹកដល់ថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញដ៏ខ្លោចផ្សាមួយក្នុងប្រទេសស្រីលង្កា។ ចិត្តគំនិតរបស់ខ្ញុំ គឺនៅជាមួយគ្រួសារជនទាំងឡាយ ដែលបានស្លាប់នៅក្នុងការវាយប្រហារទៅលើវិហារគ្រិស្តនិងសណ្ឋាគារ ព្រមទាំងជនទាំងឡាយដែលកំពុងតែរងរបួស » ។

អធិការបតីអាល្លឺម៉ង់ លោកស្រី អានជេឡាមែរកែល (  Angela Merkel ) បានថ្កោលទោសការបំផ្ទុះ គ្រាប់បែកជាបន្តបន្ទាប់នេះដោយនិយាយថា ការស្អប់ខ្ពើមនឹងការមិនចេះអត់អោនគ្នាខាងសាសនា ដែល បានបង្ហាញឱ្យឃើញដោយខ្លួនពួកគេនៅក្នុងមធ្យោបាយ ដែលគួរឱ្យភ័យខ្លាចមួយបែបនេះនៅថ្ងៃនេះ នឹងមិនដែលបានទទួលជោគជ័យទេ ។

ការផ្ទុះជាច្រើនបានវាយប្រហារវិហារគ្រិស្ត ព្រមទាំងសណ្ឋាគារនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យនេះ ។ សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីបំផុតបានដកស្រង់សម្តីប៉ូលិសស្រីលង្កា ដែលនិយាយថា មនុស្ស២២៨នាក់បានស្លាប់ នឹង៤៥០នាក់របួស នៅក្នុងការបំផ្ទុះគ្រាប់បែកថ្ងៃអាទិត្យ ថ្ងៃបុណ្យរំលឹកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ ( EasterSumday  ) នេះ ។ រហូតមកដល់ពេលនេះគ្មានអ្នកណាមួយបានប្រកាសទទួលខុសត្រូវ ចំពោះការបំផ្ទុះយ៉ាងច្រើននេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )