ភ្នំភ្លើងនៅរមណីយដ្ឋានកោះបាលី នៃប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងម្តងទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩​ — កាលពីថ្ងៃទី ២១ ខែមេសា ភ្នំភ្លើង Mount Agung នៅលើរមណីយដ្ឋានកោះបាលីរបស់ប្រទេស ឥណ្ឌូណេស៊ីបានផ្ទុះឡើងម្តងទៀតដោយមានផ្សែងផេះឡើងទៅលើមេឃរហូតដល់កម្ពស់ ២.០០០ម៉ែត្រ នឹងធ្វើឱ្យមានទុកភ្លៀងផេះកើតឡើង។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ភ្លៀងផេះនេះមានអាំងតង់ស៊ីតេចាប់ពីស្តើងដល់ក្រាស់ត្រូវបានកើតឡើងនៅក្នុងស្រុក Karang Asem ស្រុក Klungkung និងស្រុក Bangli ។

លោក Sutopo បាននិយាយថា ម៉ាស់ពាក់រាប់ពាន់ត្រូវបានចែកចាយទៅឱ្យសហគមន៍ក្នុងកំឡុងពេលដែលការភ័យខ្លាចនៃភ្លៀងផេះដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាជន។

លោកបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង ០៨:២៣នាទី (ម៉ោងក្នុងស្រុក) ដោយមានពពក នឹងផ្សែងធ្វើដំណើរឆ្ពោះទៅភាគនិរតីនៃរណ្តៅភ្នំភ្លើង។

លោក Sutopo បាននិយាយថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីការបាត់ខ្លួនមនុស្សណាម្នាក់នោះទេ បន្ទាប់ពីការផ្ទុះនោះ។ លោកបាននិយាយបន្ថែមថា គ្មានការផ្អាកជើងហោះហើរណាមួយបានកើតឡើងនៅអាកាសយានដ្ឋាន Gusti Ngurah Rai I នោះទេ។

ភ្នំ Mount Agung ស្ថិតនៅក្នុងស្រុក Karangasem ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពី  មជ្ឍមណ្ឌលទេសចរណ៍ Kuta ។ ភ្នំភ្លើងនេះបានផ្ទុះជាលើកចុងក្រោយនៅក្នុងឆ្នាំ ១៩៦៣ ដែលបានសម្លាប់មនុស្សជាង ១.១០០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)