ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-ថៃ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនរវាងប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា៖  លោកស្រី ប៉ុង សុភាវី
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-ថៃ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ ក្នុងការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍។
ថ្លែងក្នុងពិធីចាក់បេតុងតភ្ជាប់មុខដំណស្ពានមិត្តភាព កម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) នៅព្រឹក ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ សម្តេចតេជោ បញ្ជាក់ថា ម៉្យាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូល ចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ ។
សំលេង« ការកសាងស្ពាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរសំដៅធ្វើឲ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង២ បានប្រសិទ្ធនាមឈ្មោះស្ពាននេះថាជា ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ។ សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) កសាងឡើង ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលថៃប្រមាណ ៦៧០ លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារ)។ ស្ពាននេះជាស្ពានធំទី១ដែលបានកសាងពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ ៥១ ស្ពានមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ ម៉ែត្រ នៅផ្នែកថៃមានប្រវែង ៤០៥ម៉ែត្រ៕