អភិបាល ខេត្តកំពង់ចាម ៖ឆ្នាំនេះមន្ត្រីទាំងអស់ ត្រូវធ្វើការងារអោយបានហ្មត់ចត់

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖


អភិបាល ខេត្តកំពង់ចាមបានអះអាងថាឆ្នាំនេះមន្ត្រីគ្រប់មន្ទីរ អង្គភាពទាំងអស់ ត្រូវធ្វើការងារ អោយបានហ្មត់ចត់ ដោយផ្អែកទៅលើផែនការដែលបានគ្រោងទុក ពិសេសត្រូវធ្វើ ដោយយកចិត្តទុកដាក់ អំពីប្រសិទ្ធផល។


ក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងប្រមូលតម្រូវការអាទិភាព របស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម លើកឡើងថា ដើម្បី ជំរុញ ឲ្យខ្លឹមសារ នៃការអនុវត្ត បានស្របគ្នា លុះត្រាតែ ការចាប់ផ្ដើម នៃការប្រមូលទិន្នន័យ ត្រឹមត្រូវ ជាពិសេស មន្ទីរ អង្គភាព នីមួយៗ ត្រូវប្រាកដថាឆ្នាំនេះយើងបានគ្រោងនៅក្នុងផែនការបានប៉ុន្មាននិងប៉ុន្មានទៀត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ក្រៅពីនោះ បណ្ដាមន្ទីរ អង្គភាព និងក្រុង/ស្រុក នីមួយៗ ក៏ត្រូវយកចិត្តទុកដាក់ គិតគូជាមុន ផងដែរ អំពីផែនការអភិវឌ្ឍ ដោយធ្វើការស្រង់ទិន្នន័យនានា ឲ្យអស់ជាមុន ដើម្បី យើងត្រៀមទទួលកិច្ចអន្តរាគមន៍ ពីប្រភពផ្សេងៗ ខណៈដែលយើង មានទិន្នន័យជាក់លាក់ និងច្បាស់លាស់ហើយនោះ ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៃរដ្ឋបាលខេត្ត សង្ឃឹមថា ក្រុមការងារកសាងផែនការខេត្ត ត្រូវរៀបចំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច តាមលក្ខណៈបច្ចេកទេស ភូមិសាស្ត្រក្នុងខេត្ត ឲ្យបានល្អប្រសើរ ព្រមទាំង អនុវត្តកិច្ចការនេះ ទៅតាមពេលវេលា នៃប្រតិទិនការងារ សម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។


ជាមួយនឹងប្រសាសន៍ កោតសរសើរ ចំពោះ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) របស់រដ្ឋបាលខេត្ត ឯកឧត្ដម គួច ចំរើន បាន រំលឹក និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្ដុំសារជាថ្មីម្ដងទៀត ដើម្បី រួមគ្នាឲ្យទៅជាកម្លាំងសរុប សម្រាប់ការជំរុញ រៀបចំផែនការអភិវឌ្ឍឲ្យសមស្រប និង ទាន់ពេលវេលា ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានគោលបំណង ដើម្បី រៀបចំឯកសារ និងព័ត៌មាននានា ពាក់ព័ន្ធទៅនឹងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងការផ្សព្វផ្សាយ អំពីការចាប់ផ្ដើមដំណើរការ រៀបចំផែនការអភិវឌ្ឍខេត្ត ដល់អ្នកពាក់ព័ន្ធ ឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខេត្ត ដើម្បី ធ្វើជាធាតុចូល នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំឆ្នាំ និងកម្មវិធីវិនិយោគ របស់ខេត្ត ៕