រដ្ឋមន្ត្រីទេសចរណ៍ ស្នើប្រតិបត្តិករត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មជូនចំពោះភ្ញៀវ

វិទ្យុជាតិកម្ពុជា៖ ដោយចេម ហួត

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាកម្មទេសចរណ៍នានា ប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ក្នុងដំណើរទស្សនាប្រាសាទបន្ទាយឆ្មារ  និងក្រោយពីបញ្ចប់ជំនួបសំណេះសំណាល ជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រកបដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។

ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឱ្យប្រតិបត្តិការទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណូលខ្ពស់ និងអាចដើរកម្សាន្តបានច្រើនដែរ។ ការផ្តល់សេវាល្អនិងអាចផ្តល់ភាពជឿជាក់ និងទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦លាន២សែននាក់ និងទេសចរជាតិជាង ១០លាននាក់ ដោយឡែកគ្រាន់តែក្នុងសង្ក្រាន្តឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសដល់ទៅជាង ៨លាននាក់ ហើយមានការចំណាយយ៉ាងច្រើន៕