ប្រទេសគុយបាបញ្ជាឲ្យកាត់បន្ថយការផលិតអគ្គីសនីដើម្បីសន្សំប្រេង

គុយបា៖ កាសែតក្នុងស្រុករបស់ប្រទេសគុយបាបាន រាយការណ៍កាលពីថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបានចេញបញ្ជា ឲ្យរោងចក្រផលិតអគ្គីសនី កាត់បន្ថយការផលិតអគ្គីសនី បន្ថែមទៀតដែលអ្នកវិភាគបាននិយាយថា វិធានការនេះបានបង្ហាញថា ប្រទេសគុយបាកំពុងតែរងនូវការដាក់ទណ្ឌកម្មរបស់អាមេរិក ។

កាសែតក្នុងស្រុកនោះបានឲ្យដឹងថា ការផលិតអគ្គីសនី នឹងត្រូវកាត់ចំនួន ១០ ភាគរយដើម្បីសន្សំប្រេង ក្នុងយុទ្ធនាការកាត់បន្ថយការផលិតអគ្គីសនីទូទំាងប្រទេស ដែលបានអនុវត្តតាំងពីថ្ងៃទី ១៨ ខែ មេសា កន្លងមកនេះ ។ចំនួន ជាង ៩៥ ភាគរយនៃអគ្គីសនីក្នុងប្រទេសគុយបា គឺផលិតដោយរោងចក្រដែលដើរដោយប្រេង។

កាលពីខែ មីនា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើនាវានិងក្រុមហ៊ុនដែលដឹកប្រេងរបស់ប្រទេសវ៉េនេស្វឡា ទៅឲ្យប្រទេសគុយបា ។ អាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសគុយបា ដោយសារតែ ប្រទេសគុយបាបានគំាទ្រប្រធានាធិបតីកំពុងកាន់តំណែង ក្នុងប្រទេសវ៉េនេស្វឡា លោកនីកូឡាស ម៉ាឌួរ៉ូ ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២២.០៤.១៩)