នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ អញ្ជើញចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​  និង​ លោក​អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើ ទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ នឹងព្រំដែនប្រទេសថៃ។


កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន, ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ -ទទួលក្បាលរថភ្លើង DMU។


សម្រាប់កម្មវិធីការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង DMU គឺ មានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯក ឧត្តមប្រាយុទ្ធ ចាន់អូចា  នាយករដ្ឋមន្ត្រីថៃផងដែរ។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ សាង សង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយក ដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩ លានដុល្លារអាមេរិក។ ក្រៅពីជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកា បដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ។


ឯ.ឧ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានឱ្យដឹងទៀ តថា ស្ពាននេះជាស្ពានធំទីមួយដែលបានសាង សង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាង សង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិ សាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។


ដោយឡែក ការសាងសង់អគារច្រកទ្វារព្រំ ដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាង សង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិ បាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណជាង ២៦ លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួត ពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេ វាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងតែន័រ , ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរ ការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែ ដោយគិតចាប់ពីខែមេសាឆ្នាំ២០១៩នេះតទៅ។ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លង កាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើក កម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។
ឯ.ឧ ទេសរដ្ឋមន្ត្រីបន្តថា គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែ លច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមា ញឹកយ៉ាងខ្លាំង ហើយពេលខ្លះមានការកកស្ទះចរាចរ ណ៍អស់ជាច្រើនម៉ោងទៀតផង។បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ -បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈ មណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរវិញ ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានចុះហត្ថលេខាជាមួយគ្នា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ក៏មានពិធីប្រគល់ក្បាលរថភ្លើងចំនួនមួយគ្រឿង ដោយមានទូចំនួន៤ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃផងដែរ។
រថភ្លើងដែលជាអំណោយរបស់ថៃនេះ ដែលមានជាប់ជាមួយទូអ្នកដំណើរចំនួន៤ផងនោះ អាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ។ រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុនHitachi របស់ជប៉ុន។
គួរបញ្ជាក់ថា ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ កំណាត់ផ្លូវដែកមកកាន់ក្រុងប៉ោយប៉ែតត្រូវបានកាត់ផ្តាច់ក្នុងពេលកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមនាឆ្នាំ ១៩៧៣។ ផ្លូវដែកមួយខ្សែនេះត្រូវបានស្តារឡើង វិញជាបន្តបន្ទាប់រហូតរួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការឡើងវិញកាលពីខែមេសាឆ្នាំ២០១៨ មុនពេលចូលឆ្នាំថ្មី ដោយចំណាយថវិកាជិត ៨៤ លានដុល្លារអាមេរិក។