ក្រសួងធនធានទឹកពន្លឿនការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តកីចកស្ថិតក្នុងខេត្តស្វាយរៀង

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងធនធានទឹកពន្លឿនការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តកីចកស្ថិតក្នុងខេត្តស្វាយរៀង ដើម្បីធានាដល់ការស្រោចស្រពដំណាំស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមួយឆ្នាំអាច២ដងទៅ៣ ដង ដើម្បីជួយបង្កើនសេដ្ឋកិច្ចគ្រួសារ។


ក្នុងឱកាសចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្រ្តកីចកកាលពីពេលថ្មីៗនេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ប្រព័ន្ធធារា សាស្រ្តនេះមានតួនាទីសំខាន់ណាស់អាចស្រោចស្រព្វលើផ្ទៃដីជាង ៥០០០០ ហិកតា ស្ថិតក្នុងស្រុក ក្រុងចំនួន ៤ ក្នុងខេត្តស្វាយរៀង ដូចជា ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍។
ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មិនត្រឹមតែសម្រាប់ ការផ្គត់ផ្គង់ទឹកប្រើប្រាស់សំរាប់កសិកម្មប៉ុណ្ណោះទេ តែមានតួនាទីសម្រាប់វិស័យ ឧស្សាហកម្មធំតូច សម្រាប់មនុស្ស និងសត្វប្រើប្រាស់ជាប្រចាំ ជាពិសេសធ្វើការផ្គត់ផ្គង់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត និងបណ្តាភូមិ ឃុំតាមជួរខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម។


ឯកឧត្តមបន្ថែមថាមកដល់ពេលនេះក្រុមការងារជំនាញបានធ្វើសកម្មភាពជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តកីចកសម្រេចបានជំហានៗដូចជាធ្វើការជួសជុល និងស្តារឡើងវិញលើប្រព័ន្ធប្រឡាយមេបានជាង៥៦គម អមដោយភ្លឺសងខាងក្រាលគ្រួសក្រហម សាងសង់ប្រព័ន្ធប្រឡាយរងបានប្រវែងជាង ៣១ គមសាងសង់បានប្រព័ន្ធប្រឡាយជើងក្អែបបានចំនួនជាច្រើនខ្សែសាងសង់សំណង់សិល្បៈការធំៗ និងតូច បានចំនួនជាច្រើនកន្លែង។


ឯកឧត្តមបានបន្ថែមទៀតថា ក្រុមការងារជំនាញកំពុងបន្តសកម្មភាពលើកិច្ចអភិវឌ្ឍន៍បន្ត ទៀត រួមមាន បន្តសាងសង់សំណង់សិល្បកាធំ និងតូច បន្តសាងសង់ និងធ្វើអនុតរភាពលើប្រព័ន្ធប្រឡាយរង និងប្រព័ន្ធប្រឡាយជើងក្អែប បន្តធ្វើការសាងសង់ និងកែលំអលើសំណង់ទំនប់បង្ហៀរក្នុងតំបន់កូដ១០ លើស្ទឹងកំពង់ត្រាច និងទំនប់បង្ហៀរតំបន់ត្រង់ចំណុចកូដ ៩ លើស្ទឹងអន្លុងកី បន្តសកម្មភាពជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តកីចកដំណាក់កាលទី២ សាង សង់សំណង់ទំនប់បង្ហៀរទី៣លើស្ទឹងកំពង់ត្រាចត្រង់ចំណុចកូដ៩ជាប់នឹងព្រំដែនវៀតណាម
សាងសង់ទំនប់បង្ហៀរទី៤ លើស្ទឹងអន្លុងកីត្រង់ចំណុចកូដ ៧ ដើម្បីការពារទឹក និងចាប់យកទឹកទន្លេក្រយ៉ូវរបស់វៀតណាមសំណង់នេះមានសារៈប្រយោជន៍ណាស់ និងមានយុទ្ធសាស្រ្តខ្ពស់បំផុតក្នុងវិស័យទឹកសំរាប់តំបន់ជាប់ព្រំដែនធ្វើការជួសជុលស្ថារឡើងវិញលើប្រព័ន្ធប្រឡាយមេ ដែលមានទំហំប្រហាក់ប្រហែលនឹងប្រឡាយមេកីចកដំណាក់កាលទី១ដែរ ក្នុងប្រវែងចំនួន ៤០ គម គិតចាប់ពីចំណុច ឃុំថ្នាមក ដោយប្រើដានចាស់ខ្លះៗ រហូតដល់ ស្រុកកំពង់រោទ៍ដើម្បី ផ្ទៃដីស្រោចស្រពនិងទឹកប្រើប្រាស់សំរាប់ឧស្សាហកម្មធំតូចសំរាប់មនុស្ស និងសត្វនឹងកើនឡើងទ្វេរបន្ថែមទៀត៕