ក្រុមកសិករភូមិខាំផាន់រួមគ្នាថែរក្សាកេរ្ត៍ឈ្មោះផលិតផលមួយភូមិមួយ

វិទ្យុជាតិកម្ពុជា៖ដោយ លោក គឹមហឿន ខេត្តស្ទឹងត្រែង ៖

ក្រុមកសិករនៅ ក្នុងភូមិខាំផាន់ សង្កាត់សាមគី្គ ក្រុង ខេត្តស្ទឹងត្រែង នាំគ្នារិះរក បច្ចេកទេសដាំពោតរដូវប្រាំងឱ្យទទួលបានទិន្នផលខ្ពស់ ដើម្បីរួមគ្នាថែរក្សាកេរ្ត៍ឈ្មោះផលិតផលមួយភូមិមួយឱ្យមានជាប្រចាំនៅខេត្តភូមិភាគឥសានមួយនេះ។


លោកឈីវ សុគុណថែល កសិករគំរួនៅភួមិខាំផាន់មានមុខរបរដាំពោត បានបញ្ចាក់ថា៖ក្នុងរយៈពេលជិត១០ឆ្នាំមកហើយដែលពួកគាត់ខិតខំរិះរកបទពិសោធន៍ដាំពោតឱ្យទទួលបានផលល្អសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងពេលដែលអាជ្ញាធរជំរុញឱ្យមានការអភិវឌ្ឍវិស័យកសិកម្ម។លោកថា៖បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលបង្កផលប៉ះពាល់ទៅលើផលដំណាំ ទើបចេះតែនាំគ្នារកបច្ចេកទេសបន្ថែមប្រាប់គ្នាទៅវិញទៅមក។
ចង់បានផ្លែផ្កាល្អ យើងត្រូវភ្ជួរដីហាលសិនដូចជាមួយអាទិត្យ រួចហើយ រាស់ដី ដាក់ទុយោសាចទឹកទៅ បានយើងដាំវាអត់មានក្តៅដីទេវាមានដង្កើមផ្លូវទឹកចុះក្រោម វាសើមបានល្អហើយ ត្រជាក់បានយូរទៀត។


លោកស្រី ហេង តុលា កសិករដាំពោតនេះដែរបានទទួលស្គាល់ថា៖ការអនុវត្តបែបនេះទទួលបានផលល្អ តែបងប្អូនកសិករយើងគួរតែចែកកាលវិភាគដាំបណ្តាក់គ្នាទើបមានផលិតផលពោត លក់ជាប្រចាំនៅទីផ្សារ។លោកស្រីអះអាងថា៖អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាប់អារម្មណ៍រៀបកន្លែងលក់ពោត ជូនកសិករឱ្យបានត្រឹមត្រូវទេ ព្រោះពេលខ្លះមានអតិថិជនមកទិញដល់ចំការ និងយកទៅលក់នៅទីផ្សារត្រូវឈ្មួញបងង្អាប់ថ្លៃដោយសារតែគ្មានកន្លែងលក់ច្បាស់លាស់។
លោកស្រី ក្រឹម សុណា អ្នកស្ងោរពោតលក់បានទទួលស្គាល់ថា៖ការនាំយកទៅទីផ្សារមានបញ្ហាលំ បាកច្រើន ម្យ៉ាងទៀតផលកសិកម្ម ឈ្មួញមិនសូវឱ្យតម្លៃទេ ដូចនេះកសិករចេះតែរិះរកផ្លាស់ប្តូរនិងកែច្នៃ ស្ងោរ អាំងពោតនេះ លក់នៅតាមតំបន់ទេសចរណ៍ក៍មាន។
សូមបញ្ជាក់ថា៖កសិករនៅភូមិខាំផាន់ កន្លងមកមានអង្គការអភិវឌ្ឍន៍កសិកម្ម ជួយចងក្រងជាសហគមន៍ដោយផ្តល់បច្ចេកទេស និងពូជដំណាំសំរាប់ដាំដុះ បច្ចុប្បន្នត្រូវបានកាត់ផ្តាច់ ហើយនាំគ្នារិះរកបទពិសោធន៍ដាំដុះដោយ ខ្លួនឯងជាពិសេសពោតដើម្បីរក្សាផលិតផលមួយភូមិមួយ៕