អង្គការយូណេស្កូពន្លឿនការចុះបញ្ជីទីក្រុងរបស់កម្ពុជាចំនួន៣ឲ្យក្លាយជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូនៅពេលឆាប់ៗខាងមុខ

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត ៖

អង្គការយូណេស្កូផ្តល់កិច្ចសហប្រតិប្តិការ នឹងពន្លឿន ការចុះបញ្ជីទីក្រុងរបស់កម្ពុជាចំនួន៣ឲ្យក្លាយជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូនៅពេលឆាប់ៗខាងមុខនេះដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌កម្ពុជានិងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។


នៅក្នុងជំនួបជាមួយឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម សាដា អ៊ូម៉ា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានប្តេជ្ញាខិតខំធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាដើម្បីពន្លឿនការងារចុះបញ្ជីទីក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះរបស់កម្ពុជាក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូឲ្យបានលឿន។
ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងឯកឧត្តមថោង ខុន និងឯកឧត្តម សាដា អ៊ូម៉ា លោកជក់ ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការចុះបញ្ជីទីក្រុងរបស់កម្ពុជាចំនួន៣ឲ្យក្លាយជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូនេះ នឹងបង្ហាញពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។
លោកបន្តថា ក្នុងជំនួបនោះដែរ ឯកឧត្តម តំណាងអង្គការយូណេស្កូ ក៏បានសន្យាជួយផ្សព្វផ្សាយ និងជំរុញទេសចរអន្តរជាតិបន្ថែមទៀតមកកាន់តំបន់បេតិកភណ្ឌពិភពលោកដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ និងប្រសាទសំបូព្រៃគុកជាដើម។
ឯកឧត្តមផ្តល់អនុសាសន៍មួយចំនួនដោយជំរុញឲ្យមានទេសចរបន្ថែមទៀតមកកាន់តំបន់បេតិកភណ្ឌក្រៅពីអង្គរវត្ត ព្រោះកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកដូចជាប្រាសាទសំបូរព្រៃគុក និងតំបន់ប្រសាទព្រះវិហារ ។
ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រ នឹងអគុណចំពោះការប្តេជ្ញារបស់តំណាងអង្គការយូណេស្កូ ដែលជួយក្នុងការចុះបញ្ជីទីក្រុងបាត់ដំបង ក្រចេះ និងទីក្រុងកំពតទៅជាទីក្រុងបេតិកភណ្ឌអង្គការយូណេស្កូនេះ ព្រោះថា ការអវឌ្ឍវិស័យទេសចរណ៍ឲ្យរីកចំរើនត្រូវតែមានការផ្សារភ្ជាប់ជាមួយផ្នែកវប្បធម៌បេតិកភណ្ឌ។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើដល់តំណាងអង្គការយូណេស្កូធ្វើយ៉ាងណាជួយបន្តកិច្ចសហការជាមួយកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀត លើការងារអភិវឌ្ឍន៍វិស័យទេសរណ៍នៅខេត្តសៀមរាប  និងជំរុញឲ្យការផ្សារភ្ជាប់ពីតំបន់ទេសចរណ៍វប្បធម៌ ទៅនឹងតំបន់ទេសចរណ៍ធម្មជាតិនានាផងដែរ។
ឯកឧត្តម តំណាងអង្គការយូណេស្កបានទទួលយកសំណើរនេះ ហើយនឹងបន្តសហការរៀបចំ វគ្គបណ្តុះបណ្តាលដល់មន្ត្រីទេសចរកម្ពុជាលើការងារអភិវឌ្ឍ និងការអភិរក្សវប្បធម៌ ដើម្បី ថែរក្សាសម្បត្តិវប្បធម៌ឲ្យបានគង់វង្ស និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនថែមទៀត៕