ក្រសួងអប់រំ ណែនាំឱ្យសិស្សយកទឹកស្អាតពីផ្ទះ សម្រាប់ទុកបរិភោគពេលទៅសាលារៀន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៖

ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យសិស្សយកទឹកស្អាតពីផ្ទះ សម្រាប់ទុកបរិភោគ ពេលទៅសាលារៀន ខណៈអាកាសធាតុនឹងបន្តកើនឡើងកំដៅរហូតដល់៤០អង្សាសេនាពេលខាងមុខនេះ។
សេចក្តីណែនាំស្តីពីការថែរក្សាសុខភាព និងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដែលបិទនៅតាមគ្រឹះស្ថានសិក្សា បានបញ្ជាក់ថា អាកាសធាតុមានកំដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម ជំងឺរាគ ជំងឺកង្វះអាហារូបត្ថម្ភ និងអាចមានបញ្ហាសុខភាពផ្លូវចិត្តផងដែរ។


ក្រសួងណែនាំឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បុគ្គលិកអប់រំ ត្រូវប្រកាស និងអនុវត្តនូវវិធានការបំផុសឲ្យសិស្សយកទឹកស្អាតពីផ្ទះទុកបរិភោគនៅតាមសាលារៀន និងត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ ណែនាំឲ្យសិស្សលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន ដើម្បីថែរក្សាសុខភាព និងការបង្ការពីការកើតឡើងនូវជំងឺផ្សេងៗ៕