អគ្គស្នងការនគរបាលជាតិបង្ហាញពីការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖​


អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីការគ្រប់គ្រងនិងរក្សាសន្ដិសុខសណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋបានល្អនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋបានលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយទំាងនៅទីវត្តអារាម កន្លែងកម្សាន្ត និងសន្តិសុខនៅតាមលំនៅដ្ឋាន។


មន្ដ្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានអះអាងថា ការការពាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីនេះ មានភាពប្រសើរ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗ។
ក្រោយកិច្ចប្រជុំដកពិសោធន៍កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា កម្លំាងនគរបាលជាតិមានកិច្ចខិតខំប្រឹងប្រែងសហការជាមួយ កងកម្លាំងពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់នៅតាមវត្ដអារាម រម្មណីយដ្ឋាននានា និងកន្លែងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះ គឺមានភាពប្រសើរ ដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់មានភាពសប្បាយរីករាយ និងគ្មានការរំខានដោយភាពអសន្ដិសុខ ដល់ប្រជាពលរដ្ឋឡើយ។ បន្ថែមពីនេះទៀតឯកឧត្តមអះអាងថា កម្លំាងនគរបាលក៏បានដាក់វេន ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដូចជា បញ្ហាចោរកម្ម គ្រោះអគ្គីភ័យ និងបញ្ហាអសន្តិសុខមួយចំនួនទៀត។
បើយោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងអំឡុងពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស គឺអាជ្ញាធរបង្រ្កាបបានបទល្មើសសរុប ៤៥ ករណី ក្នុងនោះបទល្មើសឧក្រឹដ្ឋ៦ករណី លើ៧ករណី ដោយ១ករណីទៀតកំពុងស៊ីបអង្កេតស្រាវជ្រាវបន្ត និងបទល្មើសមជ្ឈឹម បង្រ្កាប់បាន៣៣ករណី ចាប់ខ្លួនបាន ៦៦នាក់ ដោយឡែកអំពើប្លន់២ករណី ឃាតកម្ម២ករណី រំលោភ៣ករណី ឆក់៣ករណី និង លួច៦ករណី ៕