អ.ស.ប៖ កុមារ ៥00.000 នាក់រងផលប៉ះពាល់ដោយសារអំពើហិង្សា នៅក្នុងប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ — ពួកមន្រ្តីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារប្រហែល ៥០០.០០០ នាក់ត្រូវបានរងគ្រោះដោយសារការវាយប្រហារដោយអំពើហិង្សា​នៅទូទាំង​ប្រទេស​លីប៊ីកាលពីថ្ងៃព្រហស្បតិ៍     ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា​នៅក្នុងរដ្ឋធានី​ទ្រីប៉ូលី។

លោក Henrietta Fore នាយកប្រតិបត្តិអង្គការ UNICEF និងលោក Virginia Gamba ​ជាតំណាងពិសេសរបស់អគ្គលេខាធិការ ទទូលបន្ទុកផ្នែកកុមារ និងជម្លោះប្រដាប់អាវុធបាន​និយាយថា ក្នុងចំណោមពួកគេទាំងនោះ មានក្មេងជិត ១.៨០០ នាក់ ត្រូវការការជម្លៀស​ជាបន្ទាន់​​ពីតំបន់​ដែលស្ថិតនៅក្រោមការប្រយុទ្ធគ្នានៅជួរមុខ ខណៈដែលកុមារ ៧៣០០០នាក់​ត្រូវបាន​ជម្លៀសចេញពីផ្ទះរបស់ពួកគេដោយអំពើហិង្សាកាន់ តែខ្លាំងឡើងៗ។

សេចក្តីថ្លែងការណ៍បាននិយាយថា កុមារដែលជាប់នៅក្នុងតំបន់ដែលមានជម្លោះ គឺ​មាន​ហានិភ័យនៃការអស់ស្បៀងអាហារ និងការបាត់បង់ការទទួលបានការថែទាំសុខភាព។ ការដែលមិនអាចចាកចេញពីតំបន់ទាំងនេះទេនោះ ពួកគេមិនអាចស្វែងរកការការពារ ឬ​ជំនួយ​ដោយសុវត្ថិភាពបានទេ។

មន្រ្តីអង្គការសហប្រជាជាតិពីររូបនេះបាននិយាយថា អំពើហិង្សាទាំងនេះ បានបន្សល់​ទុកកុមារជិត១.០០០នាក់ ដែលជាជនភៀសខ្លួន និងកុមារចំណាកស្រុកដែលត្រូវ​បាន​ឃុំ​ខ្លួន​នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរហើយការប្រយុទ្ធគ្នាក៏ធ្វើឱ្យកុមារ​បាត់បង់សិទិ្ធអប់រំ។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសលីប៊ីបានទទួលរងគ្រោះអស់រយៈ​ពេល​ជាង៧​ឆ្នាំដែលបានធ្វើឱ្យប្រជាជនយ៉ាងហោចណាស់ ៨២០.០០០នាក់ រួមមានទាំងកុមារ ២៥០.០០០នាក់ ដែលត្រូវការជំនួយមនុស្សធម៌បន្ទាន់។

លោក Fore និងលោក Gamba បានរំលឹកដល់ភាគីជម្លោះទាំងអស់នៅក្នុង​ប្រទេស​លីប៊ី អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការការពារកុមារ​ក្រោមច្បាប់អន្តរជាតិ ហើយបានអំពាវ​នាវឱ្យមានការចូលទៅកាន់មនុស្សធម៌ចំពោះកុមារទាំងអស់ដែលខ្វះខាត។

ប្រទេសលីប៊ីកំពុងតស៊ូដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យក្នុងគ្រាមានអសន្តិសុខ និង​ភាព​​ច្របូកច្របល់ ចាប់តាំងពីការដួលរលំអតីតមេដឹកនាំលោក មូម៉ា ម៉ាកាដាហ្វីកាលពី ក្នុង​ឆ្នាំ២០១១។

កាលពីដើមខែនេះ ការប្រយុទ្ធគ្នាបានកើនឡើងនៅពេលកងកម្លាំងជាតិលីប៊ី​បាន​ប្រកាស​ខ្លួនឯងថា បានវាយលុកចូលទីក្រុងទ្រីប៉ូលីនៅភាគខាងលិច​ជាអាសនៈនៃរដ្ឋាភិបាល​ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )