អ្នកការទូតកំពូលរុស្ស៊ី និងតួកគីព្រមព្រៀងគ្នា​ ដើម្បីជួយដោះស្រាយ​ជម្លោះនៅក្នុងប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ — រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីតួកគីរបស់លោក លោក Mevlut Cavusoglu បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយ​ដោះស្រាយ​ជម្លោះនៅក្នុងប្រទេសលីប៊ីក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។

ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសលីប៊ី​ដោយបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងយ៉ាងខ្លាំង នៃស្ថានភាពនេះ​ដោយសារតែការ​ប៉ះ​ទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមប្រដាប់អាវុធជាច្រើននៅក្រុងទ្រីប៉ូលី​ ដែលបាននាំឱ្យមាន​ជន​រងគ្រោះជាច្រើននោះ។

ក្រសួងការបរទេសរុស្ស៊ីបានកត់សម្គាល់ថា ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា វិបត្ដិដ៏ជ្រាល​ជ្រៅដែលបានគ្របដណ្តប់ប្រទេសលីប៊ីជាផលវិបាកដោយផ្ទាល់ ចេញពីការធ្វើអន្តរាគមន៍​របស់ណាតូកាលឆ្នាំ ២០១១មក។

ក្រសួងបានបញ្ជាក់ថា រដ្ឋមន្រ្តីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគ្នាទៅវិញទៅមក​របស់ខ្លួន ដើម្បីជួយដល់បទឈប់បាញ់គ្នា និងសន្តិភាពរវាងភាគីប៉ះទង្គិចយ៉ាងតឹងរឹង តាម​រយៈ​កិច្ចពិភាក្សាផ្នែកនយោបាយ ដែលមានមូលដ្ឋានលើផែនការសកម្មភាព​របស់អង្គការ​សហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី។

បច្ចុប្បន្ននេះប្រទេសលីប៊ីមានអំណាចគ្រប់គ្រងជាន់ខ្ពស់ពីរ គឺរដ្ឋាភិបាលរបស់ក្រុង​ទ្រីប៉ូលី​ដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្ដរជាតិ និងដឹកនាំដោយនាយករដ្ឋ​មន្ត្រី​លោក Fayez al-Sarraj និងរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក​អាប់ឌុលឡា អាល់ថានី ដែលកំពុងប្រតិបត្តិការនៅភាគខាងកើតប្រទេស ដោយរួមជា​មួយរដ្ឋសភាជាប់ឆ្នោត និងត្រូវបានគាំទ្រដោយកងទ័ពជាតិលីប៊ី។

កាលពីថ្ងៃទី០៤ ខែមេសា មេបញ្ជាការកងទ័ពជាតិលីប៊ីលោក Khalifa Haftar បាន​ប្រកាសពីការចាប់ផ្តើមការវាយលុកមួយប្រឆាំងនឹងក្រុងទ្រីប៉ូលី។ លោក Sarraj បានបញ្ជាឱ្យ​អង្គភាព​យោធាទាំងអស់ដែលស្មោះត្រង់នឹងគាត់ដើម្បីត្រៀមការពាររដ្ឋធានី។ បច្ចុប្បន្ននេះ ពួក​ឧទ្ទាមឈ្លានពានកំពុងជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធនៅតាមបណ្ដោយទីក្រុងទ្រីប៉ូលី៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )