មេដឹកនាំកូរ៉េខាងជើងបង្ហាញពីការជឿទុកចិត្តជាមិត្តភាព ជាមួយប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ — មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានគូសបញ្ជាក់ពីការជឿទុកចិត្តគ្នា និង​ភាពព​ជាមិត្ត ជាមួយប្រទេសចិនដោយនិយាយថា ពួកគេត្រូវធ្វើការងាររួមគ្នា ដើម្បីជំរុញ​ចំណង​ទាក់ទងរបស់ពួកគេនៅក្នុងពេលវេលាដ៏សំខាន់នេះ ។

លោក គីម បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាង​នៅក្នុង​សារ​មួយឆ្លើយតបចំពោះការអបអរសាទររបស់​លោកប្រធានាធិបតី លោក ស៊ី ជីនពីង ស្តីពី​ការ​បោះឆ្នោតឡើងវិញនាពេលថ្មីៗនេះរបស់លោក ក្នុងនាម​ជាប្រធានគណៈកម្មការ​កិច្ចការ​រដ្ឋ។

លោក គីម ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា  អគ្គលេខាធិការរងជាមនុស្សដំបូងគេដែលបានផ្ញើរសារអបអរសាទរ និងសូមអបអរសាទរ​យ៉ាងកក់ក្តៅចំពោះខ្ញុំក្នុងការបោះឆ្នោតឡើងវិញរបស់ខ្ញុំ ជាប្រធានគណៈកម្មការកិច្ចការរដ្ឋ​នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

លោកបានបន្ថែមថា នេះគឺជាការបង្ហាញពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់អ្នក និងមិត្តភាពជាមួយខ្ញុំ ហើយស្របពេលជាមួយគ្នានេះដែរ ការគាំទ្រ និងការលើកទឹកចិត្តដល់​បុព្វហេតុសង្គមនិយមរបស់បក្ស រដ្ឋាភិបាល និងប្រជាជនរបស់យើង។

លោក គីម ត្រូវបានជាប់ឆ្នោតជាថ្មី ជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋដែលជាអាសនៈ​ខ្ពស់បំផុតនៃអំណាចនៅក្នុងរដ្ឋកុម្មុយនីសកាលពីសប្តាហ៍មុន។ លោក ស៊ី បានផ្ញើសារអបអរ​សាទរ​ដល់លោកដោយ  គូសបញ្ជាក់ទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាង។

នៅក្នុងសារឆ្លើយតបរបស់លោក លោក គីម បាននិយាយថា អ្នកទាំងពីរបានបើក « សករាជថ្មី »នៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ តាមរយៈកិច្ចប្រជុំ​ចំនួន​បួន​របស់ពួកគេ​កាលពី​ពេលថ្មីៗនេះ ហើយបានបង្ហាញពី« ភាពរស់រវើក » នៃទំនាក់ទំនង ជួយគ្នាទៅវិញទៅមក ដូចជា​គ្រួសារតែមួយ។

លោក​បាន​បន្ថែមថា វាគឺជាបេសកកម្មដ៏សំខាន់មួយសម្រាប់យើង​ដើម្បីផ្តល់តម្លៃបន្ថែម​ទៀត និងជំរុញជាលំដាប់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិននៅពេលដែលបុព្វហេតុសង្គមនិយមរបស់កូរ៉េខាងជើង និងចិន ហើយស្ថានភាពដែល​មាននៅលើឧបទ្វីបកូរ៉េបានឈានចូលក្នុងរយៈពេលដ៏សំខាន់មួយ៕

( ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល )