ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ បន្ទាប់ពីការបោះឆ្នោតរួច

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​  — តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Jakarta Post បានឱ្យដឹងថា ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Joko Widodo បានអំពាវនាវឱ្យសាធារណជនធ្វើការបង្រួបបង្រួមគ្នាឡើងវិញ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរវាងលោក និងគូប្រជែងរបស់លោក គឺលោក Prabowo Subianto ។

ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅឯមហោស្រព Djakarta កាលពីថ្ងៃទី១៧ ខែមេសា លោក Widodo បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យរង់ចាំមើលលទ្ធផលផ្លូវការចុងក្រោយនៃគណៈកម្មការរៀបចំការបោះឆ្នោតសកល ( KPU ) ថ្វីបើលទ្ធផលនៃការរាប់សន្លឹកឆ្នោតយ៉ាងឆាប់រហ័សបង្ហាញថាលោកកំពុងនាំមុខក៏ដោយ។

ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា លោក និងសមាជិកនៃក្រុមចម្រុះរបស់លោកបានសិក្សាអំពីលទ្ធផលនៃការស្ទាបស្ទង់មតិនានា និងការរាប់សន្លឹកឆ្នោតយ៉ាងឆាប់រហ័ស នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅរសៀលថ្ងៃទី១៧ ខែមេសា។

លោកបាននិយាយថា ប្រជាជនត្រូវតែអត់ធ្មត់ ហើយរង់ចាំលទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការ។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតដ៏ឆាប់រហ័ស ដែលបានធ្វើឡើងដោយអ្នកស្ទង់មតិដែលបានបង្កើតឡើងបានបង្ហាញថា លោក Widodo កំពុងនាំមុខការបោះឆ្នោតប្រកួតប្រជែងនេះត្រឹម ១០ភាគរយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ បេក្ខជនប្រធានាធិបតីមួយរូបផ្សេងទៀត គឺលោក Prabowo បានអះអាងថា លោកបាននាំមុខលើគូប្រជែងរបស់លោក។

ប្រទេសឥណ្ឌូណេស៊ីបានបើកការស្ទង់មតិនេះទៅលើអ្នកមានសិទ្ធិបោះឆ្នោតជាង ១៩០លាននាក់កាលពីថ្ងៃទី១៧ ខែមេសា នៅក្នុងការបោះឆ្នោតមួយដែលជាការបោះឆ្នោតតែមួយថ្ងៃធំជាងគេបំផុតក្នុងពិភពលោក។

នៅក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយរូប និងអនុប្រធានាធិបតីមួយរូប ព្រមទាំងសមាជិកសភាជាង ២០.០០០នាក់។ សម្រាប់ដំណាក់កាលដំបូង ប្រទេសឥណ្ឌូណេស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភានៅក្នុងថ្ងៃដដែល ដោយមានបេក្ខជនជាង ២៤៥.០០០នាក់ ដែលកំពុងឈរឈ្មោះជាមួយនឹងអាសនៈជាង ២០.០០០កៅអី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)