វៀតណាមចង់ទទួលបានការគាំទ្របន្ថែមទៀតពី IMF

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ — មន្ត្រីជាន់ខ្ពស់របស់វៀតណាមម្នាក់បាននិយាយថា វៀតណាមសង្ឃឹមថា មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម និងផ្ដល់ឱ្យនូវជំនួយការបណ្តុះបណ្តាល និងការប្រឹក្សាគោលនយោបាយបន្ថែមទៀត។

លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូ IMF ដែលដឹកនាំដោយលោក Alex Mourmouras ប្រធានផ្នែកនៃនាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីក្រុងហាណូយកាលពីថ្ងៃទី ១៨ ខែមេសា។

ទន្ទឹមនឹងការទទួលស្គាល់លទ្ធផលនៃកិច្ចចរចានាពេលថ្មីៗនេះរវាងគណៈប្រតិភូ IMF និងបណ្តាក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម លោក Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រសិទ្ធភាពរវាងវៀតណាម និង IMF នាពេលថ្មីៗនេះ ជាពិសេសក្នុងកិច្ចពិគ្រោះយោបល់លើគោលនយោបាយហិរញ្ញវត្ថុធនាគារ។

មន្រ្តីបក្សវៀតណាមរូបនេះបាននិយាយថា វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចការទប់ស្កាត់អតិផរណា ការបង្កើនផលិតភាពសេដ្ឋកិច្ច គុណភាព ប្រសិទ្ធភាព ការពឹងផ្អែកលើខ្លួនឯង និងការប្រកួតប្រជែង លើកកម្ពស់បរិយាកាសធុរកិច្ច វិនិយោគ ជំរុញកំណើនសេដ្ឋកិច្ច និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

លោក Mourmouras បានជម្រាបដល់ភាគីវៀតណាមដែលជាម្ចាស់ផ្ទះជាសង្ខេបអំពីលទ្ធផលនៃកិច្ចការងាររវាងគណៈប្រតិភូ IMF និងក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមផងដែរ។

លោកបានសម្តែងសេចក្តីរីករាយរបស់លោក ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ​២០១៨ និងខែដំបូងក្នុងឆ្នាំ​២០១៩ ដោយលោកបាននិយាយថា ប្រទេសវៀតណាមទទួលបានកំណើនសេដ្ឋកិច្ចថេរនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ ខណៈដែលជំហររបស់ខ្លួនត្រូវបានពង្រឹងនៅលើឆាកអន្តរជាតិ បើទោះបីជាមានភាពមិនច្បាស់លាស់នូវហានិភ័យ និងជម្លោះពាណិជ្ជកម្មនៅលើពិភពលោកក៏ដោយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)