អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា មានចក្ខុវិស័យក្នុងការអនុវត្ដជាជំហានៗ ដើម្បីប្រែក្លាយរដ្ឋ​បាលគយកម្ពុជាឱ្យក្លាយទៅជារដ្ឋបាលទំនើប

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ -មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងថា សម្រាប់ថ្ងៃអនាគត នឹងមានចក្ខុ​វិស័យ​ ដើម្បីប្រែក្លាយរដ្ឋបាលគយ និងរដ្ឋាករកម្ពុជាឱ្យក្លាយទៅជារដ្ឋបាលទំនើប ដែលបច្ចុប្បន្នកំពុងតែអនុវត្ដន៍ជាជំហានៗ ទាំងក្របខ័ណ្ឌច្បាប់ក៏ដូចជាផ្នែកប្រតិបត្តិការ​បច្ចេក​ទេស និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងឧបករណ៍បច្ចេកវិទ្យាព័ត៌មានឱ្យមានស្ដង់ដារ ទំនើបរីកចម្រើនដូចបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។

ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP  ឯកឧត្ដម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និង​រដ្ឋាករ​កម្ពុជាបានលើកឡើងថា ការរៀបចំផែនការយុទ្ធសាស្រ្ដ និងការធ្វើកំណែទម្រង់ ទំនើប​កម្ម​ក្នុងរយៈ​ពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣ គឺជា​យុទ្ធ​សាស្រ្ដកៀរគរចំណូលរបស់រាជ​រដ្ឋាភិ​បាល ដើម្បីឆ្លើយតបទៅនឹងការកែលម្អ ពង្រឹង និង​បង្កើន​ការប្រមូលចំណូល​ចូលថវិកា​ជាតិ​ក៏ដូចជាការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ដែលបច្ចុប្បន្ន ការប្រមូលចំណូលរបស់គយ និង​រដ្ឋាករកម្ពុជាមានការកើនឡើងខ្ពស់។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរៀបចំផែនការប្រតិបត្តិការលម្អិតប្រចាំឆ្នាំបន្ថែមទៀត ដែលត្រូវ​ដក​ស្រង់ចេញពីផែនការយុទ្ធសាស្រ្ដ និងកម្មវិធីការងារកំណែទម្រង់ទំនើបកម្មគយផង យុទ្ធ​សាស្រ្ដ​កៀរគរចំណូលរបស់រាជរដ្ឋាភិបាលផង ជាពិសេសច្បាប់ហិរញ្ញវត្ថុសម្រាប់​គ្រប់គ្រង​ប្រចាំឆ្នាំផង។ ឯកឧត្តមបណ្ឌិតបានបន្ដថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធបានប្រមាណ៧១២លានដុល្លារ បើប្រៀប​ធៀប​ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺតួលេខនេះ មានកំណើនប្រមាណ២០ភាគរយ ដែលជាកំណើនមួយល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានបន្ថែមថា សម្រាប់​កិច្ចប្រតិបត្តិការរបស់គយដែល​កំពុង​អនុវត្ដន៍នាពេលបច្ចុប្បន្ននេះ គឺឈរលើមូលដ្ឋានឯកសារ​ជា​យុទ្ធសាស្រ្ដ ជាគោលនយោ​បាយរបស់រាជរដ្ឋាភិបាលផង និងមានឯកសារជាយុទ្ធសាស្រ្ដ​ជាកម្មវិធីការងារ ជាផែនការយុទ្ធ​សាស្រ្ដរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករផងដែរ៕ 

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង