អាជ្ញាធរខេត្ត ក្រុង សម្អាតបរិស្ថានក្រោយពី «សង្ក្រាន្តសមុទ្រ » ត្រូវបានបញ្ចប់

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ -លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា បន្ទាប់ពី«សង្ក្រាន្តសមុទ្រ» ត្រូវបានបញ្ចប់ រដ្ឋបាលក្រុង ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរសង្កាត់ បានចូលរួមសម្អាតបរិស្ថាននៅឆ្នេរឯករាជ្យ ជាធម្មតា ក្រោយពីរដូវបុណ្យត្រូវបានបញ្ចប់ បញ្ហាសំរាមត្រូវតែសម្អាត និងរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ នៅឆ្នេរឯករាជ្យ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ។

លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលក្រុងបានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម KSWM បង្កើនការប្រមូលសំរាមទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យក្នុងក្រុងមានភាពប្រក្រតីវិញ ។ បន្ទាប់ពីបានឈប់សម្រាក រយៈពេល ៣ថ្ងៃរួចមក កម្មករប្រមូលសំរាមក៏បានឈប់សម្រាក ធ្វើឱ្យសេវាប្រមូលសំរាមមានការយឺតនៅតាមតំបន់មួយចំនួន។ ប៉ុន្តែក្រុមហ៊ុនសន្យាប្រមូលឱ្យអស់ក្នុងរយៈពេល ៤៨ម៉ោង ដើម្បីឱ្យក្រុងយើងមានសោភណភាព បរិស្ថានល្អឡើងវិញ។ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ដល់អាជ្ញាធរក្រុង ខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាសម្អាតអនាម័យឱ្យមានសោភណភាព ជាក្រុងទេសចរណ៍ នាទិស ” និរតី ” ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមពិត “សង្ក្រាន្តសមុទ្រ” របស់យើងបានចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក៏ប៉ុន្តែរដ្ឋបាលខេត្ត សហការជា មួយអាជ្ញាធរក្រុង បានបន្តមួយថ្ងៃទៀត រហូតដល់ថ្ងៃទី១៧ ខែមេសា ។ ការសម្អាតបរិស្ថាន នាពេលនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យតំបន់នេះវិលមករកភាពប្រក្រតីវិញ រដ្ឋបាលខេត្ត ក្រុងបានកៀរគរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមក្នុងកិច្ចការបរិស្ថាន សំខាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមក្នុងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ហើយនៅពេលខាងមុខរដ្ឋបាលក្រុងនឹងរៀបចំកាលវិភាគ និងពេលវេលាឱ្យបានជាក់លាក់ក្នុងការប្រមូលសំរាម  និងការបញ្ចេញសំរាម។ ព្រោះសំរាមក្នុងក្រុងព្រះសីហនុ បានកើនឡើងយ៉ាងគំហុក កាលពីឆ្នាំ២០១៧ សំរាមមានចន្លោះពី១០០ ទៅ ១៥០តោនក្នុងមួយថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្នសំរាមបានកើនឡើងដល់ ៦០០តោនក្នុងមួយថ្ងៃ ។

លោកអភិបាលរងខេត្ត បានស្នើរសុំឱ្យប្រជាពលរដ្ឋចូលរួម ហើយអាជ្ញាធរក្រុងត្រូវរៀបចំប្រតិទិនមួយក្នុងការប្រមូលសំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យមាន សោភណភាពក្រុងរបស់យើងមានភាពល្អប្រសើរ និងទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរបានកាន់តែច្រើន ថែមទៀត៕

ដោយ ងូ សុមុនី