ទំនាក់ទំនងកម្ពុជា-ចិន​ នាពេលបច្ចុប្បន្ននេះ​ មានភាពរឹងមាំជាងពេលណាណាទាំងអស់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចេម​ ហួត​៖


អនុប្រធានទី១រដ្ឋសភាកម្ពុជាបានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្នេះ មានភាពរឹងមាំគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យជាងពេលណាណាទាំងអស់ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។
ក្នុងឱកាសទទួលជួបសម្តែងការគួសម និងសវនាការជាមួយ គណៈប្រតិភូចិនដឹកនាំដោយឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តស៊ីឈាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៨ ខែមេសា នៅវិមានរដ្ឋ ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងល្អនេះ ធ្វើឲ្យវិនិយោគទុនចិនបានមកមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន ហើយបានជួយដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីចិន-កម្ពុជាត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគួយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០ហើយ កម្ពុជាប្រកាន់យកគោលនយោបាយចិនតែមួយ ជាពិសេសគោលនយោបាយខ្សែ ក្រវ៉ាត់មួយផ្លូវមួយរបស់ចិនដែលជាកិច្ចសហប្រតិបត្តិការសកលនាំមកនូវភាពរីកចំរើនផ្នែកសេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្តម ក៏បានជម្រាបជួនភ្ញៀវពីបច្ចុប្បន្នភាពរដ្ឋសភាកម្ពុជាកម្ពុជាថា សមាជិករដ្ឋសភាចំនួន១២៥រូប ក្នងនោះតំណាងរាស្ត្រស្ត្រីមានចំនួន២៥រូប កើតចេញពីការបោះឆ្នោតជាសកល។ជាមួយគ្នានោះ កម្ពុជាក៏បានត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌនៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩។
ឯកឧត្តម បន្ថែមថា រដ្ឋសភាកម្ពុជា និងចិនតែតែគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់តំបន់ និងក្នុងកិច្ចប្រជុំ វេទិការអន្តរជាតិនានា។
ឯកឧត្តម អនុប្រធានទី១រដ្ឋសភាកម្ពុជា ក៏បានអគុណចំពោះភាគីចិនដែលបានជួយគាំទ្ររដ្ឋសភាកម្ពុជាទាំងផ្នែកសម្ភារៈថវិកា និងជួយបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
ឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តស៊ីឈាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាចិន។ ចិននៅតែគាំទ្រកម្ពុជាគ្រប់កាលៈទេសតាមអ្វីដែលអាចធ្វើបាន ។ ឯកឧត្តមបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូចិននៅកម្ពុជានេះ ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងកម្ពុជា និងចិនកាន់តែរឹងមាំលើគ្រប់វិស័យជាពិសេសស្ថាប័ននីតិបញ្ញាតិនៃប្រទេសទាំងពីរ៕