ព្រឹត្តិការណ៍មហាសង្ក្រាន្តខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាង១៥ម៉ឺននាក់

AKP ព្រះវិហារ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ «ព្រះវិហារសង្ក្រាន្តកោះកេរ» បានស្វាគមន៍ភ្ញៀវទេសចរដែលអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួមក្នុងព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្តកោះកេរ» ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យប្រពៃណីជាតិខ្មែរនេះចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ១៥០.២៦០នាក់ កើនជាងឆ្នាំមុន១៨៤,៦៥ភាគរយ ក្នុងឆ្នាំនេះភ្ញៀវទេសចរជាតិកើនឡើង ១៤៩,០៥ភាគរយ រីឯភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៦១នាក់ កើនឡើង៩,៧៦ភាគរយ ផងដែរ  ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ឯកឧត្តមរួមនឹងថ្នាក់ដឹកនាំផ្សេងទៀតបានចុះជាប់ជាមួយព្រឹត្តិការណ៍«ព្រះវិហារសង្ក្រាន្តកោះកេរ»ជាប្រចាំ ព្រមទាំងបានចូលរួមលេងល្បែងប្រជាប្រិយជាច្រើនកម្សាន្តដើម្បីញ៉ាំងឱ្យកម្មវិធីនេះមានភាពសប្បាយរីករាយ រហូតដល់ថ្ងៃបញ្ចប់នៃសង្ក្រាន្តនេះផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា នេះដោយសារមួយបង្ហាញឱ្យឃើញពីប្រទេសមានសន្តិភាព កងកម្លាំងសមត្ថកិច្ចបានដាក់ការពារសណ្តាប់ធ្នាប់គ្រប់ទីកន្លែង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរលេងកម្សាន្តដោយគ្មានការភ័យខ្លាច ហើយខេត្តព្រះវិហារក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចជាផ្លូវគមនាគមន៍ល្អ ដែលជាសសៃរឈាមតភ្ជាប់ពីមួយទៅមួយ ពីទីប្រជុំជនដល់ជនបទ លែងមានជួបការលំបាក ទើបធ្វើឱ្យខេត្តព្រះវិហារនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩នេះទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ៕

ដោយ ទិត ស្រ៊